ខេត្តស្វាយរៀង៖ បុរសនិវត្តន៍ជនម្នាក់ មានស្មារតីវង្វេងវង្វាន់ដោយសារត្រូវបានជនសង្ស័យ៤នាក់ ជិះម៉ូតូ៣គ្រឿងដាក់ថ្នាំសណ្តំបន្លំយកទ្រព្យសម្បត្តិអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្លោងទ្វារចូលវត្តសាមគ្គីឧត្តម ( ហៅវត្តបឹងធ្មល់ ) ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះសង្ស័យថាត្រូវថ្នាំសណ្តំមានឈ្មោះ ជ័យ ឈឿន អាយុ ៦៤ឆ្នាំ មុខរបរ និវត្តជន មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
តាមបុរសរងគ្រោះ ឈ្មោះ ជ័យ ឈឿនបានប្រាប់សមត្ថកិច្ចថា ចំពោះទ្រព្យសម្បត្តិដែលបាត់បង់រួមមានចិញ្ជៀនមាស ១វង់ ទម្ងន់៥ជី មានប្រាក់ដុល្លារចំនួនប្រហែល ៥០០ ដុល្លារ និងប្រាក់រៀលចំនួន ៤០០,០០០រៀល។
ប្រភពបន្តថា មុនកើតហេតុមាន សង្ស័យមិនស្គាល់អត្តសញ្ញាណមានគ្នា៤នាក់ បានជិះម៉ូតូ៣គ្រឿង បានជិះមកឈប់ក្បែរគាត់ហើយក៏បានធ្វើសកម្មភាពបន្លំចាប់ដៃដាក់ថ្នាំ ធ្វើអោយគាត់វង្វេងស្មារតីមិនអាចនិយាយបាន ហើយជនសង្ស័យក៏បានចាប់ដោះយកទ្រព្យសម្បត្តិក្រោយពីពួកវាធ្វើសកម្មភាពរួច ក៏បានជិះម៉ូតូគេចចេញខ្លួនតែម្ដង។
ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងសាកសួរទៅលើជនរងគ្រោះជាបន្តទៀតនៅឡើយ និងកំពុងស្រាវជ្រាវរកមូលហេតុឲ្យពិតប្រាកដ ៕ យឹម សុថាន