ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌសែនសុខចាប់ច្រឡំយុវជន៤នាក់សង្ស័យពាក់ព័ន្ធករណីឆក់កាបូប

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ ឃាត់យុវជន៤នាក់ បន្ទាប់ពីមានករណីឆក់កាបូបពីនារីម្នាក់បានសម្រេច និងដកហូត ម៉ូតូ៥គ្រឿង នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខទាំងតក់ក្រហល ប៉ុន្តែគួរឲ្យហួសចិត្ត ក្រោយពីសាកសួរ និងហៅជនរងគ្រោះមកមើលមុខយុវជនទាំង៤នាក់នោះបញ្ជាក់ថា ពួកគាត់ទាំង៤នាក់ នោះ មិនមែនជាអ្នកធ្វើសកម្មភាពឆក់កាបូបនោះឡើយ ។

សូមបញ្ជាក់ឲ្យដឹងថា កាលពីវេលាម៉ោង១៨ និង២០នាទីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនយុវជន ចំនួន ៤នាក់ រួមជាមួយម៉ូតូចំនួន៥គ្រឿង នៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ ។

ហេតុការណ៍ចាប់ឃាត់ខ្លួនយុវជនទាំង ៤នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក៏ដូចជាអ្នកដំណើរចោមរោមមើល និងបណ្តាលឲ្យមានការកកស្ទះចរាចរណ៍មួយសន្ទុះធំផងដែរ ។ ភ្លាមៗនោះ យុវជនទាំង ៤នាក់ រួមជាមួយម៉ូតូ ចំនួន ៥គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរតាមជំនាញ ប៉ុន្តែគួរឲ្យហួសចិត្តបំផុត ក្រោយពីសាកសួរ និងហៅជនរងគ្រោះ មកមើលមុខយុវជនទាំង ៤នាក់ នោះ បញ្ជាក់ថា ពួកគាត់ទាំង ៤នាក់ នោះ មិនមែនជាជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបឡើយ ។

ដោយសារតែមិនមែនជាជនសង្ស័យ សមត្ថកិច្ចបានទំនាក់ទំនងឪពុកម្តាយមកទទួលយកយុវជន ទាំង ៤នាក់ នោះ រួមជាមួយម៉ូតូទាំង ៥គ្រឿង ត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។

ពាក់ព័ន្ធទៅនិងព័ត៌មាននេះ ប្រជាពលរដ្ឋលើកឡើងឲ្យដឹងថា នៅវេលាម៉ោង ១៧ និង១០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឆក់កាបូបមួយបានកើតឡើង នៅចំណុចផ្លូវលេខ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយពីធ្វើសកម្មភាពឆក់ ជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនោះឡើយ ។ ដោយឡែកសមត្ថកិច្ច បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ក៏ស៊ើបដឹងថា ក្រុមជនសង្ស័យមកប្រមូលផ្តុំគ្នានៅចំណុចមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវបេតុង ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបសុំគោលការណ៍ថ្នាក់លើ ចុះទៅឃាត់ខ្លួនយុវជន ចំនួន ៤នាក់ រួមជាមួយម៉ូតូ ចំនួន ៥គ្រឿង ប៉ុន្តែក្រោយពីសាកសួរ និងហៅជនរងគ្រោះ មកមើលមុខយុវជនទាំង ៤នាក់ នោះ បញ្ជាក់ថា ពួកគាត់ទាំង ៤នាក់ នោះ មិនមែនជាជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះនោះឡើយ ។

ដោយឡែកជនរងគ្រោះ នៅក្នុងករណីនេះមានឈ្មោះ សុខ ដានី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរជាងផាត់មុខ មានទីលំ នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូ ១គ្រឿង ម៉ាក អាយខន ពណ៌ទឹកសមុទ្រ ទើបតែចេញមកពីហាងម៉ែចាស់ហើយបំណងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ដោយដាក់កាបូបពាក់ជាប់នឹងទូកម៉ូតូ។

លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ស្តាំទៅផ្លូវ១០០៣ ខណៈនេះស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៥ទៅ៦នាក់ជិះម៉ូតូបីទៅទៅបួនគ្រឿងមិនចាំម៉ាក ជិះមកពីក្រោយហើយធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបានសម្រេចហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោល។ សម្ភារបាត់បង់នៅក្នុងកាបូបរបស់នាង រួមមាន ទូរស័ព្ទ IPHONE 6 PLus មួយគ្រឿង និងសម្ភារគ្រឿងសំអាងមួយចំនួនទៀត ៕ តុង សីហា

 

 


ចែករំលែក៖