ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម បានចុះអង្កេតទីផ្សារចំនួនពីរក្នុងរាជធានីភ្នំពេញ គឺផ្សារកណ្តាល និងផ្សារធំថ្មី ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តន៍នូវតួនាទីភារកិច្ច និងសេចក្តីណែនាំជាប្រចាំរបស់ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល លើការការពារសុខមាលភាពប្រជាជន និងសុវត្ថិភាពម្ហូបអាហារ។
មន្ត្រីកាំកុងបានបញ្ជាក់ថា ជាលទ្ធផលសង្កេតឃើញថា នៅផ្សារទាំងពីរពុំមានការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ ដោយសារបច្ចុប្បន្ននេះ អាជីវករមានការយល់ដឹងច្រើន និងបានសហការយ៉ាងល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ជាមួយនេះដែរមន្រ្តីកាំកុងត្រូលក៏បានចុះស្រាវជ្រាវ រកទំនិញជាផលិតផលពងត្រី ដែលមានឈ្មោះ ថា Rainbow Trout Caviar ដែលមានផ្ទុកស្ព័ររបស់បាក់តេរីដែលអាចបង្កហានិភ័យខ្ពស់ ដល់អ្នកប្រើប្រាស់ ព្រមទាំងធ្វើការផ្សព្វផ្សាយដល់អាជីវករកុំឲ្យ ទទួលលក់ផលិតផលនេះ។ដោយគ្រឿងហូបចុកដូចជា ប្រភេទ ប្រហុក ផ្អក ជ្រក់ គ្រឿងសមុទ្រ សាច់ ស្លឹកគ្រៃហាន់រួច និងបន្លែ ចំនួន៣៥មុខ ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់។
ឆ្លៀតឱកាសនោះដែរមន្ត្រីកាំកុងត្រូលក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ត្រូវ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកដាច់ចេញពីគ្នារវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។សូមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលយកមកលក់ ហើយត្រូវបញ្ឈប់ការលាយបន្ថែមនូវសារធាតុគីមីផ្សេងៗ ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕ ប្រាថ្នា