ព័ត៌មានទាន់ហេតុការណ៍៖

នៅឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជាបានកើនឡើងជិត១៦លាននាក់

ចែករំលែក៖

ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា នៅឆ្នាំ២០១៩ខាងមុខនេះប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីកម្ពុជាលើកលែងតែអង្គទូតនានានឹងមានប្រមាណជិត១៦លាននាក់ខណៈរាជរដ្ឋាភិបាលសម្រេចពន្យារ ពេលជំរឿនប្រជាជនមួយឆ្នាំពីឆ្នាំ២០១៨ ទៅឆ្នាំ២០១៩ដោយសារបញ្ហាធនធាន និងព្រឹត្តិការណ៍ធំៗច្រើននៅក្នុងប្រទេស។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពី ចូលរួមកម្មវិធីប្រជុំលើកទី១គណៈកម្មាធិការជាតិជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩នៅទីស្តីការ ក្រសួងដែលមានការចូលរួមដោយសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីអន្តរក្រសួងជាច្រើនទៀតកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានលើកឡើងថា ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះមានប្រហែលជាង១៥លាន នាក់ ហើយរហូតដល់ឆ្នាំ២០១៩អាចឡើង ដល់ជិត១៦លាននាក់ ប៉ុន្តែតួលេខនេះ ជាការប៉ាន់ស្មានប៉ុណ្ណោះដោយសារតែ គម្រោងជំរឿន១០ឆ្នាំម្តងរបស់គណៈកម្មាធិការត្រូវបានពន្យារពេលដោយសារតែឆ្នាំ ២០១៨មានព្រឹត្តិការណ៍បោះឆ្នោតហើយជាតិត្រូវចំណាយថវិកាច្រើននោះ ។

លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានឲ្យ ដឹងទៀតថា នៅពេលជំរឿនក្នុងឆ្នាំ២០១៩ខាងមុខនេះជាតិនឹងចំណាយថវិកាចំនួនជាង៨លានដុល្លារ ហើយប្រើមន្ត្រីជំរឿន ជាងបួនម៉ឺននាក់ដោយប្រើរយៈពេល១៣ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩តែម្តង ។

យ៉ាងណាក៏ដោយលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការជំរឿនប្រជាជនដែល រស់នៅប្រទេសកម្ពុជានេះនឹងផ្តល់អត្ថ ប្រយោជន៍ដល់រាជរដ្ឋាភិបាលច្រើនដោយសារតែវាអាចឲ្យយើងដឹងអំពីបញ្ហាប្រជា ពលរដ្ឋប្រឈមនឹងការខ្វះខាតអ្វីជាដើមនោះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរសម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ទិន្នន័យជំរឿនប្រជាជនជាប្រភពទិន្នន័យគ្រប់ជ្រុងជ្រោយជាព័ត៌មានសំខាន់ទាក់ទងនឹងទំហំប្រជាជនចរិតលក្ខណៈ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ចដែលអាច ផ្តល់ជាអត្តសញ្ញាណសំខាន់នៃលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ព្រមទាំង ប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ និងត្រួតពិនិត្យវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រជាតិ កាត់បន្ថយភាពក្រីក្រ គោលនយោបាយ ជាតិប្រជាជន ព្រមទាំងគោលនយោបាយសម្រាប់អភិវឌ្ឍន៍ដទៃទៀត ។

សូមរំលឹកថា ប្រទេសកម្ពុជាបានជំរឿនប្រជាជនរបស់ខ្លួនអស់រយៈពេល៣ដងមកហើយលើកទី១ក្នុងឆ្នាំ១៩៦២លើកទី២ឆ្នាំ ១៩៩៨ និងលើកទី៣ឆ្នាំ២០០៨ ហើយ លើកទី៤នឹងត្រូវឆ្នាំ២០១៨ ប៉ុន្តែត្រូវបាន ពន្យារទៅឆ្នាំ២០១៩វិញដោយសារឆ្នាំ ២០១៨ជាប់រវល់រៀបចំបោះឆ្នោត និងបញ្ហា ធនធានជាដើមផង ៕ ហេង សូរិយា

 


ចែករំលែក៖