ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរ៉ូឡូបើកថយក្រោយកិនស្លាប់ យ៉ាងអណោចអាធ័មភ្លាមៗនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ១គ្រឿងតាមផ្លូវដែលគេកំពុងស្ថាបនា។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចតាមផ្លូវកំពុងស្ថាបនា ភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យកាសែតនគរវត្តដឹងថា៖ សពមានឈ្មោះ ថន ស្រស់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះសង់ថ្មី ភូមិដើមមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ចំណែកអ្នកបើករ៉ូឡូឈ្មោះ ជៀក វីរៈ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិកើតហេតុ និងមានស្រុកកំណើតភូមិព្រៃនាងពួន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែ វ។
អ្នកឃើញហេតុការណ៍បានឲ្យកាសែតនគរវត្តដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរ៉ូឡូ១គ្រឿង កំពុងបើកបរកិនបង្ហាប់ផ្លូវ ដែលកំពុងស្ថាបនាថយក្រោយពីកើតមកលិច ពេលនោះ ស្រាប់តែឃើញមានស្ត្រីរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាក ZOOMER.X ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP៧៧៥០ បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្ត្រីរងគ្រោះបានបន្ថយល្បឿនស្រាប់តែអ្នកបើកបររ៉ូឡូនោះថយក្រោយកិនម៉ូតូទាំងមនុស្សបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមយ៉ាងអាណោចអាធ័មតែម្តង។
តាមសម្តីស្ត្រីម្នាក់ដែលត្រូវជាបងស្រីរបស់នារីរងគ្រោះ បានយំសោកបោកខ្លួនស្តាយប្អូនស្រី និងអាឡោះអាល័យបានរៀបរាប់ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ ប្អូនស្រីគាត់បានជិះម៉ូតូZOOMER.X ពណ៌ខ្មៅចេញពីផ្ទះនៅភូមិកើតហេតុ គោលបំណងទៅផ្សារ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជួបរឿងអកុសលបែបនេះទៅវិញ។
ប្រភពពីអ្នកបើកបរគ្រឿងចក្រ(រ៉ូឡូ)វិញបាននិយាយថា មុនពេលកើតហេតុរូបគាត់កំពុងតែបើកគ្រឿងចក្រ(រ៉ូឡូ)កិនបង្ហាប់ផ្លូវឲ្យក្រុមហ៊ុនប៉ោហេង ដោយបើកទៅមុខថយក្រោយដោយសារតែសំឡេងម៉ាសុីនគ្រឿងចក្រ ឮសូរខ្លាំងហើយមើលមិនឃើញម៉ូតូស្ត្រីរងគ្រោះនៅពីក្រោយ ទើបបណ្តាលឲ្យកិនម៉ូតូ និងស្រ្តីខាងលើតែម្តង។
សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុបានទាក់ទងទៅខាងនគរបាលចរាណ៍រាជធានីវាស់វែងយកម៉ូតូនិងគ្រឿងចក្រ(រ៉ូឡូ) និងឃាត់ខ្លួនអ្នកបើកបរគ្រឿងចក្រ(រ៉ូឡូ) យកទៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា