ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថបង្រ្កាបរថយន្តដឹងឈើ ១គ្រឿងប្រគល់ឲ្យមន្រ្តីរដ្ឋព្រៃឈើបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្រ្កាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ លទ្ធផលឃាត់ចាប់បាននូវរថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើ ១គ្រឿងរួមទាំងអ្នកបើកបរផងដែរ ហើយបានប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចវាលនិន្រ្ទា ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងកងរាជអាវុធហត្ថដែលបានចុះក្នុងកិច្ចប្រតិបត្តិការងារនេះផ្ទាល់បានឲ្យកាសែតនគរវត្តដឹងថា ជាលទ្ធផលកម្លាំងបានឃាត់ចាប់បានរថយន្តដឹកឈើពេញចំនួន ១គ្រឿង ម៉ាក កាមរី គូថហើម ចង្កូតឆ្វេង សេរីឆ្នាំ១៩៩៣ ពណ៌ស្លែ ពាក់ស្លាកលេខ បាត់ដំបង 2A 0716 រួមអ្នកបើកបរម្នាក់ឈ្មោះ ឈុន ចំរើន(ហៅម៉ៅ) ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដាល ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តទៀតថា រថយន្តដឹកជញ្ជូនផលអនុផលព្រៃឈើជាឈើប្រភេទប្រណីត(ធ្នង់) មានចំនួន ៣៦ដុំ មានទម្ងន់ចំនួន ៧៤៥គីឡូក្រាម ស្មើរនឹងចំនួន ០,៦៧៧ម៉្រែត្រ ត្រីគុណ ហើយការបង្រ្កាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនផលអនុផលព្រៃឈើបានជាលទ្ធផលនេះដែរ ក៍មានការអន្តរាគមន៍ពីលោក អភិបាលខេត្តពោធិ៍សាត់ ដោយសុំឲ្យសម្របសម្រួលយកតែវត្ថុតាងទៅបានហើយ ចំពោះមធ្យោបាយដឹកជញ្ជូន(រថយន្ត) ប្រគល់ឲ្យម្ចាស់គាត់វិញទៅ ដោយគ្រាន់តែអប់រំ ឬធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរទៅបានហើយ បញ្ហានេះក៍បានឆ្លងមតិយោបល់ដល់ថ្នាក់លើ ទើបបានប្រគល់វត្ថុតាងទាំង រថយន្ត ទាំងឈើ រួមអ្នកបើកបរ ឲ្យទៅមន្រ្តីជំនាញរដ្ឋបាលព្រៃឈើ នៃផ្នែករដ្ឋបាលរដ្ឋបាលព្រៃឈើក្រវាញបន្តនីតិវិធី។

បញ្ញាខាងលើនេះដែរ៖ លោក ហង្ស វណ្ណថន នាយរង និងជានាយផ្នែករដ្ឋបាលព្រៃឈើស្ដីទី នៃផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានឲ្យកាសែតនគរវត្តដឹងតាមទូរស័ព្ទនាព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ចំពោះវត្ថុតាងឈើប្រភេទប្រណីត(ធ្នង់)បានដាក់ចូលឃ្លាំងរក្សាទុករួចរាល់ហើយ ចំណែកមធ្យោបាយដឹកជញ្ជូន(រថយន្ត) មិនទាន់ប្រគល់ឲ្យម្ចាស់គាត់នៅឡើយនោះទេ រង់ចាំលិខិតស្នាម និងឯកសាផ្សេងៗពាក់ព័ន្ធរថយន្ត ម្យ៉ាងវិញទៀតនោះ ពុំទាន់ឃើញមានចំណាត់ការពីថ្នាក់ដឹកនាំរបស់លោកនៅឡើយនោះដែរ៕ ប៉ុន ពិន


ចែករំលែក៖