ខេត្តសៀមរាប៖ ស្ត្រីជនជាតិកូរ៉េខាងត្បូង ម្នាក់ បានគាំងបេះដូងស្លាប់ នៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់ អង្គរ ខេត្តសៀមរាប បន្ទាប់ពី មានអាការ មិនស្រួល ខណៈពេលនោះអ្នកនាំភ្ញៀវ ក៏បាន ដឹកយកទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៧ ប៉ុន្តែអកុសល គ្រូពេទ្យ ពុំមានលទ្ធភាពជួយសង្គ្រោះបាន ក៏បាត់បង់ជីវិតនៅស្រុកខ្មែរតែម្តង។
ហេតុការណ៍ស្ត្រីនេះបានកើតឡើងនៅវេលាម៉ោង ០៤និង១០នាទីទៀបភ្លឺ ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដែលមានទីតាំងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ជនរងគ្រោះឈ្មោះ CHUNG KYO RYUNG ភេទ ស្រី កើតឆ្នាំ ១៩៥០ ជាជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែនលេខM៨៧៥៤៥០០៥ ចូលមកដល់ខេត្តសៀមរាប តាមច្រកព្រលានយន្ត ហោះអន្តរជាតិសៀមរាប និង តាមរយៈក្រុមហ៊ុនទេសចរណ៍T&M កាលពីថ្ងៃទី០៥វិច្ឆិកា២០១៧ ហើយមកស្នាក់នៅក្នុងសណ្ឋាគារអប្សារ៉ា ផាលេស បន្ទប់លេខ៤១៥ ចូលមកជាភ្ញៀវទេសចរណ៍។
ប្រភពបានបន្តថា មុនដំបូង ជនរងគ្រោះ ពុំសូវស្រួលខ្លួន លុះដល់ពេលបាយ ក៍នាំគ្នា ចុះមកឡើងឡាន តួ ដើម្បីនាំគ្នាទៅហូបបាយ ហើយដល់លើឡាន ជនរងគ្រោះ ក៏ចាប់ផ្តើម ទន់ជង្គង់ដួល នៅលើឡាន ខណៈពេលនោះ ដោយឃើញអាការភ្ញៀវមិនសូវស្រួលខ្លួន ក៍ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប ហើយត្រូវបានស្លាប់នៅវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧ បាត់ទៅ។
ក្រោយពេលកើតហេតុ កម្លាំងចម្រុះ និង ក្រុម គ្រូពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ក៏បាននាំគ្នាពិនិត្យ ទៅលើ ដងខ្លួន និង អវះយវះរបស់ជនរងគ្រោះ ហើយ បានសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង មិនមែនជាករណីឃាតកម្ម ពាក់ព័ន្ធនិង បទល្មើសព្រហ្មទណ្ឌទេ។
បច្ចុប្បន្ន សព ស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ច បានដំកល់ទុក្ខនៅ ក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ ខេត្តសៀមរាប រង់ចាំស្ថានទូត កូរ៉េ និង ក្រុមគ្រួសារមកទទួល យកទៅធ្វើបុណ្យ៕ ប៊ុន រិទ្ធី