ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ បានសម្រេច តែរត់មិនរួច តែបណ្ដោយឲ្យនារីរងគ្រោះរបួសធ្ងន់។ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ឃាត់ខ្លួននៅចំណុចមុខអាងទឹកសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ ស្រេត ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និងទី២ មានឈ្មោះ ខា ឃីន ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-8459 ។ ចំណែកនារីរងគ្រោះរងរបួសធ្ងន់។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CV-8459 លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបណ្ដោយឲ្យនារីរងគ្រោះដួលម៉ូតូរងរបួសធ្ងន់ឃើញដូច្នេះកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញសហការជាមួយខណ្ឌ៧មករា កំពុងល្បាត ក៏ដេញចាប់រហូត ទើបឃាត់ខ្លួនបានតែមង្ត។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាបូបមកវិញ រួចប្រគល់ជនរងគ្រោះ។ ចំណែកជនសង្ស័យទាំងពីរនាក់ បញ្ជូនទៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ ស រស្មី