ព័ត៌មានទាន់ហេតុការណ៍៖

ឈូសផ្លូវចម្ងាយរាប់គីឡូម៉ែត្រក្នុងស្រុកកែវសីមាប៉ុនប៉ងដឹកឈើ?

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ រឿងដដែលៗបាន កើតឡើងនៅឯខេត្តមណ្ឌលគិរីក្នុងឧក្រិដ្ឋ កម្មព្រៃឈើដែលពួកឈ្មួញឃុបឃិតជា មួយអាជ្ញាធរមានសមត្ថកិច្ចឈូសឆាយផ្លូវ សម្រាប់ដឹកឈើទៅប្រទេសវៀតណាម។ កាលពីឆ្នាំទៅករណីបែបនេះបានកើត ឡើង ហើយក៏ធ្វើឲ្យមន្ត្រីមួយចំនួននៅក្នុង ខេត្តអស់បុណ្យស័ក្តិដែរ ។ ឥឡូវនេះមានគេ ឈូសឆាយផ្លូវប៉ុនប៉ងដឹកឈើចេញទៅ ប្រទេសវៀតណាមទៀត ។

ផ្លូវមួយខ្សែប្រវែងជាង៤គីឡូម៉ែត្រត្រូវ បានឈូសឆាយដោយគ្មានគោលការណ៍ និងការអនុញ្ញាតពីក្រសួង និងថ្នាក់ខេត្ត ស្ថិតនៅក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុក កែវសីមា ខេត្តមណ្ឌលគិរី ដែលសង្ស័យ មានការពាក់ព័ន្ធរវាងមន្រ្តីយោធាព្រំដែននឹង មន្រ្តីនគរបាលឈរជើងនៅព្រំដែនឃុប ឃិតគ្នាជាមួយរដ្ឋបាលសាលាស្រុកកែវ សីមា និងមន្រ្តីពាក់ព័ន្ធក្នុងស្រុកនោះដើម្បី ដឹកជញ្ជូនបទល្មើសឈើឆ្លងដែនទៅកាន់ ប្រទេសវៀតណាម ។

លោក ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរីបានថ្លែងថា បន្ទាប់ពីបានទទួល ព័ត៌មាននេះ លោកបានដាក់ចេញបទបញ្ជា ស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ចុះស្រាវជ្រាវ ជាបន្ទាន់ ដើម្បីឈានទៅចាត់ការតាមច្បាប់ ចំពោះបុគ្គលដែលនៅពីក្រោយខ្នង ។

ក្រោយពីមានការចុះស្រាវជ្រាវពីសមត្ថ កិច្ចជំនាញទូទាំងខេត្តមណ្ឌលគិរីរួចមក បានរកឃើញថា ពិតជាមានការលួចឈូស ឆាយផ្លូវលំថ្មីមួយខ្សែប្រាកដមែន ស្ថិតនៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់ចំណុចប៉ុស្តិ៍ របៀងការពារព្រំដែនកម្ពុជា-វៀតណាម ត្រង់ចំណុចប៉ុស្តិ៍យូលិត ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលមានឈ្មោះ វាន់ ចន្ធារី ជាមន្រ្តីយោធាព្រំដែន និងមេបញ្ជាការកង អនុសេនាតូចទី២ របស់កងអនុសេនាធំ ទី២ វរៈកាពារព្រំដែន១០៣ឈរជើង ប្រចាំការនៅច្រករបៀងខាងលើនោះ ដែលគ្រប់គ្រងផ្ទាល់ដោយលោក សឹម សំណាង ជាមេបញ្ជាការគ២។

រីឯមន្រ្តីនគរបាល ប៊ូ សំអុល ហៅសាន មានតួនាទីជាប្រធានប៉ុស្តិ៍ឡាប៉ាខេគ្រប់គ្រង ច្រករបៀងការពារព្រំដែនជាច្រើន នៅ ស្រុកកែវសីមា។ មន្រ្តីទាំង៣រូបខាងលើ ត្រូវបានគេអះអាងថា ជាអ្នកជាប់ពាក់ព័ន្ធ ក្នុងការលួចឈូសឆាយធ្វើផ្លូវលំគ្មានការ អនុញ្ញាតទៅកាន់ព្រំដែនវៀតណាមប្រវែង ចន្លោះពី៤គីឡូម៉ែត្រទៅ៥គីឡូម៉ែត្រ ដើម្បី សម្រួលការដឹកជញ្ជូនបទល្មើសឈើឆ្លង ដែន។

អភិបាលខេត្តបានព្រមានថា មេទាហាន និងមេនគរបាល ដែលជាប់ពាក់ព័ន្ធនឹង បទល្មើសអាចប្រឈមនឹងការដកពីតំណែង ឬអាចរហូតដល់ផ្ទន្ទាទោសតាមច្បាប់ទៀត ផង ។

ចាំមើលករណីនេះអាជ្ញាធរខេត្តមណ្ឌល គិរីអាចរកអ្នកទទួលខុសត្រូវបានដែរឬទេ? ឬមួយត្រូវបិទបញ្ចប់សំណុំរឿងនេះដោយ គ្មានអ្នកទទួលខុសត្រូវ? បើគ្មានអ្នកទទួល ខុស នៅក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ថ្ងៃមុខនឹងមានករណីឈូសផ្លូវនេះបន្តទៀត មិនខានឡើយ ៕ ហេង នរិន្ទ្រ


ចែករំលែក៖