ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកអ្នករួមដំណើរ២នាក់ រងរបួសជាទម្ងន់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ជិះម៉ូតូចូលចំណែកឡាន។
ហេតុការណ៍នេះដែរ បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះក្បាលឡានកុងតឺន័រ។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ចំណែកអ្នករងរបួសបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្រ្គោះ។
គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង១៧និង៤៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៥០ លេខ៥១ ភូមិ ញ សង្កាត់កណ្យោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
រថយន្តកុងតឺន័រ ស្លាកលេខ ព្រះសីហនុ 4-A 067 បើកមកពីទិសខាងលិច ដល់ចំណុចខាងលើបានបុកម៉ូតូ C125 ស៊េរី ២០១៣ ជិះគ្នា៣នាក់ ស្រី២នាក់ បើកពីកើតទៅលិច។ អ្នកបើកម៉ូតូឈ្មោះ ធី សឿន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិតានៃ ឃុំជាំសង្កែ ស្រុកភ្នុំស្រួច ស្លាប់នៅកន្លែងកើតហេតុ, អ្នកជិះពីក្រោយ ឈ្មោះ សុន ចាន់ថាច ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិក្បាលទឹក លើឃុំជាំសង្កែ ស្រុកភ្នុំស្រួច របួសស្រាល និងឈ្មោះ ពង់ ណាវិន ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្បាលទឹក លើ ឃុំជាំសង្កែ ស្រុកភ្នុំស្រួច របួសស្រាល ជនរងគ្រោះធ្វើការរោងចក្រនៅភ្នំពេញ។
សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើ រថយន្តបានអូសម៉ូតូពីក្រោមបណ្តាលឲ្យឆេះក្បាលរថយន្ត និងម៉ូតូជនរងគ្រោះ អ្នកបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់។
សមត្ថកិច្ចបគរបាលចរាចរណ៍បានប្រាប់កាសែតនគរវត្តថា គ្រោះថ្នាក់នេះ កើតឡើងបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកម៉ូតូ ដែលបានបើកចូលទៅចំណែកឡានកុងតឺន័រ។ មូលហេតុដោយជនរងគ្រោះឡើងជែងក្នុងស្ថានភាពផ្លូវកោង ទើបជួបគ្រោះអកុសលបែបនេះ។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចប្រើរថយន្តពន្លង់អគ្គីភ័យមួយគ្រឿង ក្នុងបាញ់ពន្លត់ភ្លើងដែលឆាបឆេះដោយសារផ្កាភ្លើងដែលជាប់ម៉ូតូពីក្រោមកុងតឺន័រ។
វត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំបន្តនីតិវិធី ៕ សេនាស័ក្តិ