ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបើកបុក និងកិនម៉ូតូចនរងគ្រោះអូសជិត៥០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យសារព័ត៌មាននគរវត្តដឹងថា ជនរងគ្រោះជិះម៉ូតូ សង់ឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN_8100 បានតាមផ្លូវ៣៧១ ពីកើតទៅលិច ដល់កន្លែងកើតហេតុ មានរថយន្តក្រឡុកស៊ីម៉ង់ត៍ ស្លាកលេខ ភ្នំពេញ5A_0027ដែលអ្នកបើកបរស្រវឹងស្រា បានបើកបរក្នុងទិសដៅបញ្ច្រាសគ្នា និងបានព្យាយាមជែង រថយន្តមួយគ្រឿងទៀត ទើបបានមកបុកម៉ូតូរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យគៀបម៉ូតូអូសប្រហែល៥០ម៉ែត្រ រងការខូចខាតយ៉ាងដំណំតែម្ដង ។ ចំណែកម្ចាស់ម៉ូតូបានរងរបួសយ៉ាងធ្ងន់ ហើយភ្លាមៗត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ដោយឡែកតៃកុងរថយន្តបង្ក ក្រោយពីបុកភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលបឹងទំពុន២ ដើម្បីសួរនាំ។
បច្ចុប្បន្នសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុវាស់វែង យករថយន្តរួមនឹងម៉ូតូ ទៅរក្សាទុកនៅជំនាញចរាចរក្រុងរង់ចាំដោះដើម្បីដោះស្រាយគ្នាពេលក្រោយ៕ ភារ៉ា ដង្កោ