ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជាបុគ្គលិកកាស៊ីណូក្រុងបាវិតបានស្លាប់ភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងរថយន្តកង់ទីន័និងម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យុវជនម្នាក់ដែលជាបុគ្គលិកកាស៊ីណូ ក្រុងបាវិតបានស្លាប់ភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ដោយជិះម៉ូតូបុកជាមួយរថយន្តកង់ទីន័បញ្រាស់ទិសគ្នាកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៧លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ 151-152 ស្ថិតនៅក្នុងភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់អ្នកសារព័ត៌មាននគរវត្តថា យុវជនដែលស្លាប់មានឈ្មោះ សួស សុខស៊ីទី សុខស៊ីទី អាយុ19ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិព្រៃតាញ៉យ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១SE២៤៥៥ ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តក្រោយកើតហេតុបានបើកគេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្ទាក់ចាប់បានរថយន្តបង្កនៅស្រុកស្វាយទាបបញ្ជូនមកសាកសួរ។

យោងតាមសាក្សីបានប្រាប់អ្នកសារព័ត៌មាននគរវត្តថា មុនកើតហេតុ មានយុវជនម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១SE២៤៥៥ ក្នុងទិសដៅពីកើតមកលិច លើកំណាត់ផ្លូវជាតិលេខ១ ខណៈនោះ ស្រាប់តែមានរថយន្តកង់តឺន័រមួយគ្រឿង ពាក់ស្លាកលេខ ស្វាយរៀង ៣B៤១២៧ បើកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទឹសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតបុកគ្នាពេញទំហឹងលាន់សូរដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្ដង។

ក្រោយមកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី និងវាស់វែងអូសវត្ថុតាងទាំង២គ្រឿងមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតចាត់ការបន្តតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖