ព័ត៌មានទាន់ហេតុការណ៍៖

ប្រពន្ធចាក់ប្តីមួយកាំបិតដេកពេទ្យស្អាត ទំនាស់រឿងទិញម្ហូប

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ស្រ្តីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកអធិការនគរបាលក្រុងកំពង់ឆ្នាំង បន្ទាប់ពីស្រ្តីរូបនេះ បានយកកាំបិតចុងស្រួចចាក់មកលើប្តីរបស់ខ្លួន ចំពោះ បណ្តាលឲ្យរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលស្ថិតក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យសារព័ត៌មាននគរវត្តដឹងថា ស្ត្រីជនសង្ស័យជាប្រពន្ធ មានឈ្មោះ សុខ ធីតា អាយុ២៥ឆ្នាំ និង បុរសរងគ្រោះជាប្តីមានឈ្មោះអៀង ដាវីន អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួលខាងលើ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រពន្ធបានត្រឡប់មកពីទិញម្ហូប នៅផ្សារ អស់លុយប្រមាណជិត១ម៉ឺនរៀល ហើយប្តីបានរអ៊ូសួរនាំចុះឡើង រហូតបង្ករទំនាស់ឈ្លោះប្រកែកសំដីគ្នាទៅវិញទៅមក ពេលនោះប្តីបានស្ទុះរកទៅវាយប្រពន្ធ តែប្រពន្ធបានកាន់កាំបិតចុងស្រួចការពារខ្លួន វៀសចុះឡើង ពេលប្តីចូលទៅ ក៏ត្រូវនឹងកាំបិតចុងស្រួចនេះតែម្តងទៅ បណ្តាលឲ្យរងរបួសធ្ងន់ចំពោះផ្នែកខាងឆ្វេង ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង ។

ស្រ្តីជនសង្ស័យបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្តីរបស់គាត់ពូកែប្រច័ណ្ឌខ្លាំងណាស់ ហើយជារឿយៗ ប្តីរូបនេះតែងវាយធ្វើបាបគាត់ ដូចករណីថ្ងៃនេះ បើគាត់មិនការពារខ្លួននោះទេ ប្តីរូបនេះនឹងវាយគាត់ទ្រមខ្លួនហើយ ។

សមត្ថកិច្ចបានសន្និដ្ឋាន ជាដំបូងថា ករណីទំនាស់ហិង្សារវាងប្តី និងប្រពន្ធនេះ អាចបណ្តាលមកពីករណីប្រច័ណ្ឌ ច្រើនជាងរឿងទំនាស់ទិញម្ហូប ។

នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជនសង្ស័យ ស្នងការដ្ឋាននគរបាលខេត្តកដើម្បីអនុវត្តទៅតាមបន្តនីតិវិធី ៕ ចន្ថា


ចែករំលែក៖