ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកសម្លាប់​យុវជនម្នាក់យ៉ាងសាហាវក្នុងបន្ទប់ទឹក​

ចែករំលែក៖

ខេត្តសៀមរាប៖ យុវជនវ័យ២២ឆ្នាំម្នាក់ដែលត្រូវបានគេ ប្រទះឃើញ​ដេកស្លាប់​នៅក្នុងថ្លុក​ឈាម ក្នុង​បន្ទប់​ទឹក ហើយនៅលើដងខ្លួនសាកសព ត្រូវបានគេចាក់សុះ ពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពី វេលាម៉ោង ៦និង០០នាទីព្រឹក នាថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិចំបក់ហែរ ឃុំ កំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្ត សៀមរាប ។

បើតាមប្រភពពីសមត្ថកិច្ចស្រុកក្រឡាញ់បានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១៧ថា ករណី ឃាតកម្ម នៅក្នុងបន្ទប់ជួលស្ថិតភូមិ ឃុំ ខាងលើ​ ជនរងគ្រោះ ឈ្មោះ រួន រ៉ា ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ កាត់តែមម៉ូតូនិងបិទស្កុតម៉ូតូ មានស្រុកកំណើតនៅ ភូមិ គគរ ឃុំ ដូង ស្រុក បល្ល័ង ខេត្ត កំពង់ធំ ស្នាក់នៅបណ្តោះអាសន្ន ភូមិ ចំបក់ហែរ ឃុំ កំពង់ថ្កូវ ស្រុក ក្រឡាញ់ ខេត្តសៀមរាប។

ចំណែកម្ចាស់បន្ទប់ផ្ទះជួល ឈ្មោះ សិក្កសម សោភណ្ឌ ភេទ ស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិ កំពង់ថ្កូវ១ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប គាត់មានបន្ទប់ផ្ទះជួលចំនួន ០៤បន្ទប់ជាប់គ្នា ក្នុងមួយបន្ទប់មានទំហំ ៤x៦ ម៉ែត្រ មានទីតាំងតាមបណ្តោយដងផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិ ឃុំ ខាងលើ ជួលក្នុង ១ បន្ទប់ តម្លៃ ២០០,០០០ រៀល (ម្ភៃម៉ឺនរៀល)។

តាមការបំភ្លឺឈ្មោះ យឹម ពៅ ភេទ ស្រី បានឲ្យដឹងថា ពេលកំពុងកើតហេតុនាងបានឮសំឡេងជនរងគ្រោះស្រែករកឈ្មោះ យ័ន ឲ្យជួយ្ញុំផងមានគេចាក់ហើយ ក្នុងពេលនោះនាងបានបង្ហើបទ្វារខាងក្រោយមើល ពេលនោះបានឃើញជនមិនស្គាល់អត្តសញ្ញាណម្នាក់លោតចេញតាមលួសសំណាញ់ក្រោយបន្ទប់ទឹកជនរងគ្រោះ ហើយជនម្នាក់នោះមានបិទម៉ាស់ពណ៌ខ្មៅ ពាក់អាវពណ៌ខ្មៅដៃវែងឆ្នូត សក់ខ្មៅស្លូត សម្បុរស មាឌស្តើង រត់ទៅទិសខាងកើត បន្ទាប់ពីឃើញដូច្នោះនាងក៏បិទទ្វារហើយដើរទៅកន្លែងដេកវិញ។

បើតាមការបំភ្លឺ ឈ្មោះ ជន ស៊ាងឡុង ភេទប្រុស បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ពេលកំពុងកើតហេតុបានឮសំឡេងជនរងគ្រោះស្រែករកឈ្មោះ យ័ន ឲ្យជួយផង មានគេចាក់ហើយ ក្នុងពេលនោះ
គាត់មិនបានចេញទៅមើលទេ បន្ទាប់ពីបាត់សម្លេងស្រែក កាត់បានបង្ហើបទ្វារខាងក្រោយមើល ពេលនោះបានឃើញមនុស្សម្នាក់ឈរក្រោមដើមក្រសាំងដែលមានចម្ងាយពីបន្ទប់កើតហេតុប្រហែល ២០ម៉ែត្រ គេជាអ្នកប្រកបរបរកាត់តែមម៉ូតូ និងបិទស្គុតម៉ូតូ។​

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យលើ​ សាកសពឃើញ​មានស្នាមចាក់នឹងកាំបិតផ្នែកខាងក្រោយបោះដៃផុតខាងស្តាំ ២ កន្លែង នៅចង្កេះខាងស្តាំ ១កន្លែង និងមានស្នាមចាក់នៅដើមដោះខាងឆ្វេង ១កន្លែង ខាងស្តាំ ១កន្លែង ផងដែរ។

បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត រួចរាល់ហើយ។

ចំណែក ជន ដៃដល់ ត្រូវបានកម្លាំង​ជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុង ដើម្បីស្វែងរកចាប់ខ្លួន​យក​មក​ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ប៊ុន​រិទ្ធី

 


ចែករំលែក៖