ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែសំណាងមិនល្អជិះគេចមិនរួច ពីសំណាញ់ច្បាប់។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចខាងក្រោយផ្សារទំនើប អុី អន តាមបណ្ដោយផ្លូវស ប៊ិក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមាន២នាក់ ទី១ឈ្មោះ កែវ ពិសី ហៅ(រាជ) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យឥទ្រ្ទទេវី ស្នាក់នៅផ្ទះជាប់ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងទី២មានឈ្មោះ យឹម វណ្ណឌី ហៅ(ម៉ាប់) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវK5 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយឡែកវត្ថុតាងដកហូត ម៉ូតូ១គ្រឿង ម៉ាក ស៊ុយសុគីឡែត ស៊េរី២០១៨ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1GQ-8035 ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានប្រាប់ឲ្យដឹងទៀតថា មុននិងឃាត់ខ្លួនបានជនសង្ស័យ២នាក់ខាងលើ គឺកម្លាំងសមត្ថកិច្ចបានជិះល្បាតក្នុងមូលដ្ឋាន ហើយឃើញជនសង្ស័យទាំង២នាក់ បានជិះម៉ូតូឌុបគ្នានិងធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ដែលដើរតាមចញ្ចើមផ្លូវបានសម្រេចជាក់ស្ដែងនៅចំពោះមុខតែម្ដង ធ្វើឲ្យកម្លាំងសមត្ថកិច្ចមិនបង្អង់យូរ ជិះដេញចាប់បានទាំង២នាក់ភ្លាមៗនៅនិងកន្លែងតែម្ដង រួមទាំងមានប្រជាពលរដ្ឋនៅក្បែរនោះទ្រាំនិងទង្វើល្មើសច្បាប់នេះមិនបាន ក៏ស្វាគមន៍ម្នាក់មួយដៃ មួយជើង ស្ទើគ្រាំខ្លួន ទើបសមត្ថកិច្ចស្រវ៉ាដឹកជនសង្ស័យទាំង២នាក់យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ភ្លាមៗតែម្ដងទៅ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ខាងលើ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានពិតប្រាកដមែន ហើយក៏ធ្លាប់ឆក់ពីមុនបានម្ដងរួចមកហើយ ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើឯកសារ កសាងសាណុំរឿងបញ្ជូនទៅបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់ ។
ចំណែកវត្ថុតាង ដែលកាបូបស្ពាយរបស់នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនវិញផងដែរ ៕ ភារ៉ា ដង្កោ