ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យពាក់ព័ន្ធករណីបង្កើតព័ត៌មានញុះញង់ បង្កឲ្យមានចលាចលក្នុងសង្គម ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ឈ្មោះ តាន់ តុងហ៊ី ភេទប្រុស អាយុ ៤៤ឆ្នាំ ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ដើរបាចឯកសារព័ត៌មានញុះញង់ ដើម្បីឲ្យមានចលាចលក្នុងសង្គម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ។

ជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជានីភ្នំពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចតូបកាហ្វេដើមអំពិល ផ្លូវ១៧៨ កែងផ្លូវ១៣ ស្ថិតនៅភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈពេលដែលបុគ្គលនេះ ធ្វើសកម្មភាពដើរចែកឯកសារព័ត៌មានញុះញង់ជាថ្មីទៀត។

តាមការស្រាវជ្រាវនិងវិធានការណ៍ជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យបានសារភាពថា ករណីដើរបាចឯកសារព័ត៌មានញុះញង់ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧កន្លងមក គឺរូបគេជាអ្នកធ្វើទាំងស្រុងពិតប្រាកមែន ដោយកាលនោះរូបគេមានផែនការបាចឯកសារចំនួន៥៨គោលដៅ តែពេល បាចបានចំនួន ៥០គោលដៅ ក៏ត្រូវសមត្ថកិច្ចតាមប្រម៉ាញ់រូបគេ ទើបផ្អាកសកម្មភាព និងគេចខ្លួន ទៅប្រទេសថៃ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ។ រហូតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ រូបគេក៏ត្រលប់មកប្រទេសខ្មែរវិញ ដើម្បីដើរចែកឯកសារព័ត៌មានញុះញង់ បង្កឲ្យមានចលាចលក្នុងសង្គមម្តងទៀត ក៏ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាន នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តែម្តង។

គោលដៅទាំង៥០ ដែលជនសង្ស័យបានបាចព័ត៌មានញុះញង់ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ រួមមាន៖

1- នៅជិតស្ថានីយ៍ទូរទស្សន៍បាយ័ន ស្ទឹងមានជ័យ

2- មុខព្រះវិហារយេស៊ូគ្រីស្ទនៅចំហៀងស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ

3- នៅក្រោយស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ

4- មុខវត្តនន្ទមុនី

5- ក្រោមស្ពានអាកាសស្ទឹងមានជ័យ

6- ខាងលិចពេទ្យរ៉ុស្សី

7- មុខវត្តសន្សំកុសល

8- ទម្លាក់នៅទ្រូងផ្លូវ២៧១

9- បោះចូលអង្គការសីលការ

10- វិទ្យាស្ថានអន្តរជាតិអាមេរិកកាំង(ជាប់ផ្លូវដំបូកខ្ពស់)

11- រង្វង់មូលលូទឹកស្អុយ

12- បោះចូលក្នុងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ

13- ចែកព្រះសង្ឃជិះកង់បីមុខពេទ្យក្បាលថ្នល់

14- បោះចូលមុខគណបក្សសង្គ្រោះជាតិ

15- បោះមុខវិទ្យាស្ថានជិតគណបក្សសង្គ្រោះជាតិ

16- បោះមុខវត្តចាក់អង្រែលើ

17- បាចពីលើស្ពានអាកាសច្បារអំពៅ

18- បាចមុខស្នាក់ការកាសែតរស្មីកម្ពុជា

19- បាចមុខសាលាបឹងត្របែក

20- បាចមុខសាលាច្បាប់

21- បាចចូលអង្គការលីកាដូ

22- បាចចូលមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា

23- ទម្លាក់មុខព្រឹទ្ធសភា

24- ទម្លាក់មុខ VOD

25- ទម្លាក់កែងសាលាជាស៊ីម

26- ទម្លាក់មុខសាលាបញ្ញាសាស្ត្រអន្តរជាតិជិតផ្សារបឹងកេងកង

27- បោះមុខអាគារអប់រំ ជិតផ្សារបឹងកេងកង

28- បោះមុខ UNDP

29- បោះមុខសកលវិទ្យាល័យបញ្ញាសាស្ត្រ

30- បោះមុខក្រុមហ៊ុនPlay ក្រោយវត្តស្វាយពពែ

31- បោះមុខផ្សារ AEON

32- បោះមុខស្ថានទូតរុស្សី

33- បោះផ្លូវកែងវត្តស្វាយពពែ

34- បោះមុខការដ្ឋាន ចិនជិតស្ថានទូតរុស្សី

35- បោះខាងត្បូងរដ្ឋសភា

36- បោះខាងជើងស្ថានទូតអូស្ត្រាលី

37- ទម្លាក់មុខកាស៊ីណូណាហ្កាជិតស្ពានកោះពេជ្រ

38- បោះនៅរង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត

39- បោះមុខសណ្ឋាគារ កាំបូឌីយ៉ាណា

40- បោះជាប់ក្រសួងធម្មការ (គណកម្មាធិការរៀបចំបុណ្យជាតិ)

41- បោះជ្រុងវាំងមុខក្រសួងយុត្តិធម៌

42- បោះខាងត្បូងវាំងជាប់មន្ទីរពេទ្យគន្ធបុប្ឆា

43- បោះកណ្តាលថ្នល់ផ្លូវបែកជាបួនជិតផ្ទះសម្តេច ស ខេង ឬស្ថានទូតសាំងហ្កាពួរ

44- បោះមុខសាលាចតុមុខ

45- បោះមុខធនាគារជាតិ

46- បោះមុខស្ថានទូតអាមេរិក

47- បោះមុខសាលាក្រុងភ្នំពេញ

48- បោះមុខក្រសួងប្រៃសណីយ៍

49- បោះមុខសកលវិទ្យាល័យជាតិគ្រប់គ្រង

50- បោះមុខរ៉ារទេះភ្លើង ៕ ស តារា


ចែករំលែក៖