ខេត្តកណ្តាលៈ ក្មេងប្រុសវ័យ៥ឆ្នាំម្នាក់ បានដើរធ្លាក់ចូលក្នុងរណ្តៅដីបណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអណោចអធម្ម នៅគ្រាដែលក្មេងប្រុសរងគ្រោះបានដើរជាមួយប្អូនស្រីទៅមើលឪពុកកំពុងច្រូលស្មៅគោនៅក្នុងព្រៃចេកកាលពីវេលាម៉ោង១២,៣០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្មេងប្រុសរងគ្រោះឈ្មោះហ៊ុយ អ៊ូជី អាយុ៥ឆ្នាំ ឪពុកឈ្មោះហ៊ុយ ចក់ អាយុ៣៨ឆ្នាំ ម្តាយឈ្មោះក្តាម សុខនី អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិ_ឃុំកើតហេតុ ខាងលើ ។
មន្ត្រីនគរបាលប៉ុស្តិ៍គគីរធំបានឲ្យដឹងថា បើតាមការបំភ្លឺរបស់ក្រុមគ្រួសារ មុនពេលលង់ទឹកស្លាប់ក្មេងប្រុសរងគ្រោះបានដើរជាមួយប្អូនស្រីទៅមើលឪពុកច្រូតស្មៅគោលនៅក្នុងចំការចេកខាងក្រោយផ្ទះ ប៉ុន្តែមិនបានជួបឪពុកនោះទេព្រោះឪពុកត្រឡប់មកផ្ទះបាត់ហើយ ។
ពេលទៅដល់ក្នុងព្រៃចេកក្មេងប្រុសរងគ្រោះបានឃើញទឹកដក់ក៏ដើរសំដៅទៅលេងទឹកស្រាប់តែរអិលជើងលិចទៅក្នុងទឹកបាត់តែម្តង ។ ពេលឃើញបងប្រុសរអិលជើងលិចចូលក្នុងទឹក ប្អូនស្រីក៏រត់មកផ្ទះហើយប្រាប់ឪពុកម្តាយ ភ្លាមៗនោះឪពុកក៏រត់ទៅកាន់កន្លែងរណ្តៅដីហើយចុះមុជរាវស្រាប់តែឃើញកូនប្រុសជាទីស្រលាញ់លិចនៅបាតរណ្តៅដីឈ្លក់ទឹកស្លាប់បាត់ទៅហើយ ។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ក្មេងប្រុសរងគ្រោះពិតស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕សណ្តោស