ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ធាក់សុីក្លូម្នាក់បានខ្យល់គរស្លាប់ក្បែរសុីក្លូរបស់ខ្លួនគួរឲ្យសង្វេគ

ចែករំលែក៖

 

ភ្នំពេញ៖ មានរឿងហេតុបង្កឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីលោកតាវ័យចំណាស់ម្នាក់ ដែលជាអ្នកធាក់សុីក្លូ បានខ្យល់គរស្លាប់នៅលើសុីក្លូរបស់ខ្លួន ក្រោមសំយ៉ាបផ្ទះប្រជាពលរដ្ឋ ជាប់ផ្លូវ217 (ផ្សារដីហ្គោល) ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់អូរឫស្សី៣ ខណ្ឌ៧កមរា រាជធានីភ្នំពេញ។

សពលោកតារងគ្រោះខាងលើ មានឈ្មោះ សំ ហន អាយុ៦៦ឆ្នាំ មុខរបរធាក់ស៊ីក្លូ និងមានស្រុកកំណើតនៅភូមិទួលស្លែង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

បើតាមប្រភពព័ត៌មានពីអ្នកធាក់ស៊ីក្លូជាមួយលោកតារងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា លោកតាប្រកបមុខរបរធាក់ស៊ីក្លូជាយូរឆ្នាំមកហើយ ស្រាប់តែមកដល់ថ្ងៃកើតហេតុ លោកតាបានមកសម្រាកនៅកន្លែងកើតហេតុដូចធម្មតា លុះនៅល្ងាចថ្ងៃដដែល លោកតាបានត្អូញថាចុកទ្រូង ហើយមកដល់ម៉ោងកើតហេតុ ក៏មានអាការៈកន្ត្រាក់ដៃកន្ត្រាក់ជើង ទើបបង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកធាក់ស៊ីក្លូជិតនោះនាំគ្នាជួយសង្គ្រោះបឋម និងបានហៅរថយន្តសង្គ្រោះបន្ទាន់បំណងមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យដែរ តែជាអកុសលលោកតារងគ្រោះខាងលើ ត្រូវបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះមកពិនិត្យ ហើយធ្វើកោសល្យវិច័យ ដោយដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន និងបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ស រស្មី


ចែករំលែក៖