ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសណ្ដោងវៀតណាម១គ្រឿងដាច់រ៉ឺម៉កធ្លាក់ស្រែ បង្កការភ័យខ្លាចដល់អ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ រថយន្តសណ្តោងរ៉ឺម៉កជនជាតិវៀតណាម១គ្រឿង ដែលដឹកដែកពេញទ្រុងធ្វើដំណើរពីទីក្រុងហូជីមិញ ប្រទេសវៀតណាមចូលមកខេត្តស្វាយរៀង បានដាច់រ៉ឺម៉កខាងក្រោយធ្លាកស្រែ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ។ ករណីគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១និង០០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ លើកំណាត់ផ្លូវជាតិ៣១០ នៅភូមិកណ្តាលឃុំធ្លក ស្រុកស្វាយជ្រំ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា រថយន្តវៀតណាមដាច់រ៉ឺម៉កធ្លាក់ស្រែនោះពាក់ស្លាកលេខ៥១C- ១៩២៥ស្លាកលេខវៀតណាមដឹកដែក ផលិតរួចពាក់កណ្តាលសម្រេចធ្វើដំណើរពីទីក្រុង ហូជីមិញមកខេត្តស្វាយរៀង ក៏ប៉ុន្តែមិនដឹងថាចូលតាមច្រកណាទេ សង្ស័យថា គេចពន្ធ ដោយរថយន្តនេះចូលមកពេលយប់ជ្រៅ ហើយសំណាងអាក្រក់បានដាច់រ៉ឺម៉កធ្លាក់ពីលើថ្នល់ចូលទៅក្នុងស្រែជាងពាក់កណ្តាលទ្រុងនៅលើថ្នល់ ពាក់កណ្តាលទ្រុង ។ រ៉ឺម៉ករថយន្តមានប្រវែងប្រមាណ១០ម៉ែត្រ រហូតដល់វេលាម៉ោង១១ព្រឹកទើបឃើញរថយន្តស្ទួចមកស្ទួច លើកឡើងថ្នល់វិញ រួចបន្តដំណើរទៅកាន់ក្រុងស្វាយរៀង ។

លោកខៀវ សារឿនប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងបានឲ្យដឹងថា រថយន្តដឹកដែកខាងលើ គឺដឹកដែកពីទីក្រុងហូជីមិញប្រទេសវៀតណាម ចូលមកតាមច្រកទ្វាព្រំដែនអន្តរជាតិបាវិតចូលមកខេត្តស្វាយរៀងមានចំនួន០៤គ្រឿង គោលដៅដឹកទៅដាក់រោងចក្រនៅរាជធានីភ្នំពេញ ។ ដោយឡែករថយន្តនេះបានវង្វេងផ្លូវ បើកឆ្ពោះទៅស្រុករមាសហែក ហើយនៅពេលបើកហួសផ្លូវកៅស៊ូ ទើបដឹងថាវង្វេង ក៏បត់ត្រឡប់ក្រោយទើបបណ្តាលឲ្យរអិលធ្លាក់ស្រែតែម្តង ៕ យឹម សុថាន


ចែករំលែក៖