ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យចំណាស់ម្នាក់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បន្ទាប់ពីបុរសវ័យចំណាស់ត្រូវម៉ូតូបុកស្លាប់ ខណៈដើរឆ្លងផ្លូវមិនប្រយ័ត្ន នៅម៉ោងប្រមាណ៦និង១០នាទីព្រលប់ថ្ងៃ ១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡមែត្រលេខ ១៥៣-១៥៤ ត្រង់ចំណុចភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមនគរបាលក្រុងបាវិតបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើត រវាងម៉ូតូ និងអ្នកថ្មើរជើង ក្នុងទិសដៅពីកើត ទៅលិចមាន ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ (២០១៥) ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1E 9376 បើកបរដោយឈ្មោះ ចិន ឃុនលិ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ និស្សិត មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង (គ្មានពាក់មួកសុវត្ថិភាព)រងរបួស់ធ្ងន់ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ខាងលើបានទៅបុកប៉ះ និងឈ្មោះ គោគ សឿន ភេទប្រុស អាយុ ៨២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបរម៉ូតូបញ្ជូនទៅព្យាបាលនៅមន្ទីរបង្អែកជីភូ។ រីឯវត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ច្រកម្ទេស ដើម្បីកសាងសំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖