ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី​ការពារ​សិទ្ធិ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ថា​ នឹង​ព្យាយាម​តាម​ផ្លូវ​ច្បាប់​សុំ​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ កែវ​ វ៉ាន្នី​ មេធាវី​ការពារ​សិទ្ធិ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ អះអាង​ថា​ នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​តាម​ផ្លូវ​ច្បាប់​ ដើម្បី​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដោះលែង​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។

ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ កាលពី​ល្ងាច​ថ្ងៃ​១៨​ ខែ​វិច្ឆិកា​ សម្រេច​ឃុំ​ខ្លួន​លោក​ អ៊ួន​ឈិន​ និង​ លោក​ យាង​ សុជា​មេត្តា​ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ​”ប្រគល់​ឱ្យ​រដ្ឋបរទេសនូវព័ត៌មានជា​អាទិ៍​ដែលអាចធ្វើ​ឱ្យ​អន្តររាយការការពារជាតិ”​ តាម​មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​ចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ​ឱ្យ​អន្តររាយ​ការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យ​អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា​ទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។

មេធាវី​ធ្លាប់​ការពារ​ក្ដី​ឱ្យ​តារា​ចម្រៀង​ម៉ៅ​ ហាជី​ តតាំង​ក្ដី​ជាមួយ​ទូរទស្សន៍​ហង្សមាស​ ផងនោះ​ លោក​កែវ​ វ៉ាន្នី​ អះអាង​នៅ​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា​ ថា​ លោក​នឹង​សុំ​ថតចម្លង​សំណុំ​រឿង​ ហើយ​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​ ដើម្បី​រៀបចំ​ដាក់​ពាក្យ​សុំ​ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ។

លោក​មេធាវី​ កែវ​ វ៉ាន្នី​ អះអាង​ថា​ “លោក​នឹង​ព្យាយាម​ឱ្យ​អស់​លទ្ធភាព​ តាម​ផ្លូវ​ច្បាប់​ដើម្បី​សុំ​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ដោះលែង​អ្នក​ទាំងពីរ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ “​ ។​

គួររំលឹក​ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​នៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ឯកភាព​ពី​លោក​ អ៊ុំ​ សុភក្តី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង​ លោក​ យាង​ សុជា​មេត្តា​ លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ជា​ទីស្នាក់ការ​របស់​វិទ្យុ​អាស៊ី​សេរី​ ដោយរំលោភច្បាប់កម្ពុជា។

ករណីនេះ ខាងសមត្ថកិច្ចក្នុងក្របខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា៖ នៅក្នុងកុំព្យួទ័រ លោក អ៊ួន ឈិន ក៏បានថតវីដេអូអាសអាភាស«សិច» ដើរតួសិចខ្លួនឯងផង និងថតអោយតួអង្គផ្សេងទៀត៕ ចេស្តា


ចែករំលែក៖