ភ្នំពេញ៖ លោក កែវ វ៉ាន្នី មេធាវីការពារសិទ្ធិអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប អះអាងថា នឹងព្យាយាមឱ្យអស់លទ្ធភាពតាមផ្លូវច្បាប់ ដើម្បីសុំឱ្យចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនក្ដីបាននៅក្រៅឃុំបណ្តោះអាសន្ន ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីល្ងាចថ្ងៃ១៨ ខែវិច្ឆិកា សម្រេចឃុំខ្លួនលោក អ៊ួនឈិន និង លោក យាង សុជាមេត្តា ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ”ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះចែងថា “បទប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តររាយការការពារជាតិ អំពើប្រគល់ ឬធ្វើឱ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។
មេធាវីធ្លាប់ការពារក្ដីឱ្យតារាចម្រៀងម៉ៅ ហាជី តតាំងក្ដីជាមួយទូរទស្សន៍ហង្សមាស ផងនោះ លោកកែវ វ៉ាន្នី អះអាងនៅថ្ងៃទី២០ ខែវិច្ឆិកា ថា លោកនឹងសុំថតចម្លងសំណុំរឿង ហើយនឹងពិភាក្សាជាមួយកូនក្ដី ដើម្បីរៀបចំដាក់ពាក្យសុំដោះលែងអ្នកទាំងពីរឱ្យបាននៅក្រៅឃុំបណ្តោះអាសន្ន ។
លោកមេធាវី កែវ វ៉ាន្នី អះអាងថា “លោកនឹងព្យាយាមឱ្យអស់លទ្ធភាព តាមផ្លូវច្បាប់ដើម្បីសុំឱ្យចៅក្រមស៊ើបសួរ ដោះលែងអ្នកទាំងពីរឱ្យបាននៅក្រៅឃុំ “ ។
គួររំលឹកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពីលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទីស្នាក់ការរបស់វិទ្យុអាស៊ីសេរី ដោយរំលោភច្បាប់កម្ពុជា។
ករណីនេះ ខាងសមត្ថកិច្ចក្នុងក្របខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា៖ នៅក្នុងកុំព្យួទ័រ លោក អ៊ួន ឈិន ក៏បានថតវីដេអូអាសអាភាស«សិច» ដើរតួសិចខ្លួនឯងផង និងថតអោយតួអង្គផ្សេងទៀត៕ ចេស្តា