ភ្នំពេញ ៖ រថយន្តHINO ប្រភេទរថយន្តធុនធំ មួយគ្រឿង ដែលអ្នកបើកបរមានស្ថានភាពស្រវឹង បានបើកទៅបុករថយន្តឡិចស៊ីសRX330 ពីក្រោយបណ្ដាលឲ្យរងការខូចខាត ហើយរថយន្តបង្កព្យាយាមបើកគេចខ្លួនបានប្រហែល១គីឡូម៉ែត្រ ក៏ត្រូវម្ចាស់រថយន្តរងគ្រោះតាមទាន់ នៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតលើស្ពានលូទឹកស្អុយបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដែលបង្កឲ្យមានការកក់ស្ទះចរាចរណ៍យ៉ាងខ្លាំងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យនគរវត្តដឹងថា ភាគីខាងរថយន្តបង្កម៉ាក HINO ធុនធំ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-7734 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹង ។ ចំណែកភាគីខាងរថយន្តរងគ្រោះម៉ាក ឡិចស៊ីស RX330 ពណ៌ស គ្មានស្លាកលេខ(ទើបទិញ) បើកបរដោយបុរសម្នាក់ រួមដំណើជាមួយនារីម្នាក់ទៀតក្នុងរថយន្ត ។
ប្រភពដដែលបានឲ្យដឹងទៀតថា ដំបូងគឺរថយន្តរងគ្រោះបានធ្វើដំណើតាមបណ្ដោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ខណះមកដល់កន្លែងកើតហេតុ( ម្ដុំផ្សារបេសេ ) ស្រាប់តែរថយន្តបង្កបើកមកពីក្រោយ ហើយបុកទាំងកំរោលតែម្ដង បណ្ដាលឲ្យរថយន្តឡិចស៊ីសរងការខូចខាតកាង និងតួក្រោយ តែមិនបង្កឲ្យមនុស្សរងរបួសឡើយ តែនៅពេលកើតហេតុភ្លាមៗ រថយន្តបង្កបានព្យាយាមបើករត់គេច រហូតបានប្រហែល១គីឡូម៉ែត្រទើបឈប់ ហើយបើកទ្វារគេចខ្លួនបាត់ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ និងទាក់ទងទៅសមត្ថកិច្ចដែលទទួលផ្នែកចរាចរណ៍ចុះមកដល់កន្លែងកើតហេតុផងដែរ តែមួយសន្ទុះក្រោយមក ស្រាប់តែលេចមុខអ្នកបើករថយន្តបង្កនៅក្បែរកន្លែងកើតហេតុ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឲ្យសម្រួលគ្នាជាមួយភាគីរថយន្តរងគ្រោះនៅនឹងកន្លែងកើតហេតុតែម្ដង ។
ដោយមានការសម្រួលពីលោក រ៉ន ចាន់ណា ដែលជាមន្ត្រីសមត្ថកិច្ច ផ្នែកចរាចរណ៍ខណ្ឌមានជ័យ បានធ្វើឲ្យភាគីខាងរថយន្តរងគ្រោះព្រមយកថ្លៃខូចខាតពីភាគីរថយន្តបង្កចំនួន900ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង ៕ ភារ៉ា ដង្កោ