ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសន្យាថា៖ យ៉ាងយូររយះពេល១ខែទៀត អាជ្ញាធររាជធានីភ្នំពេញ នឹងផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅសហគមន៍ស្ទឹងមានជ័យ ដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនក្នុងការរស់នៅក្នុងគំរោងអភិវឌ្ឍន៍ នៅនឹងកន្លែងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅប្រឡាយស្ទឹងមានជ័យ ។ លោកបានសន្យាបែបនេះ ខណៈលោកចូលរួមជាអធិបតីភាព ក្នុងពិធីសិក្ខាសាលា ការត្រួតពិនិត្យ តាមដាន និងគាំទ្រលើកកម្ពស់សហគមន៍ក្រីក្រ កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៧ នៅសាលារាជធានី ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការអភិវឌ្ឍប្រឡាយស្ទឹងមានជ័យ នឹងទទួលបានផលប្រយោជន៍២យ៉ាងគឺ ទី១ ប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធស្របច្បាប់,ទី២យើង បានបើកមុខទឹកឲ្យបានទូលាយ ធ្វើឲ្យទឹកហូរបានលឿន ។
លោកឃួង ស្រេង ក៏បានព្រមានធ្ងន់ៗទៅលើមន្ត្រីណាដែលចាប់ដីរដ្ឋនៅតំបន់មិនរៀបរយមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន រួចជួលឲ្យប្រជាពលរដ្ឋក្រីក្ររស់នៅវិញនោះ ត្រូវដកខ្លួនថយហើយប្រគល់ដីនោះមកអោយរដ្ឋវិញជាបន្ទាន់ជៀសវាងត្រូវប្តឹងឡើងតុលាការ ។ ជាមួយគ្នានេះ អាជ្ញាធរខណ្ឌ.សង្កាត់ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ជំរុញការធ្វើអត្តសញ្ញាណបណ្ណ័,សៀវភៅគ្រួសារ សៀវភៅស្នាក់នៅឲ្យបានម៉ត់ចត់ លឿននិងមានតម្លាភាពដោយមិនត្រូវយកលុយពីប្រជាពលរដ្ឋ ឡើយ ។
លោកបានបញ្ជាក់ទៀតថា ៖ ពេលនេះដល់ម៉ោងត្រូវព្យាបាលមន្ត្រីដែលអសកម្មហើយ ហើយបើអស់លោកណាមិនព្រមកែចំណុចអសកម្មចេញទេ មានអ្នកផ្សេងគេចង់ធ្វើច្រើនទៀត ។ បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ កំពុងទទួលបានលទ្ធផលនៃសន្តិភាព និងការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីប្រកបដោយសុឆន្ទះ និងទទួលខុសត្រូវពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងនោះសម្តេចបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍សហគមន៍ក្រីក្រ១០០សហគមន៍ក្នុងមួយឆ្នាំតាំងពីឆ្នាំ២០០៣ ។ ការបំរើប្រជាពលរដ្ឋ, ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយការលំបាកនានាជូនប្រជាពលរដ្ឋគឺកូនចៅតេជោជាអ្នកធ្វើ មិនមានបាតដៃបក្សប្រឆាំងរួមចំណែកនោះទេ ។
សូមបញ្ជាក់ថា៖ សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានចំនួន ២០៥សហគមន៍ , មាន១៧.១៧៩ខ្នងផ្ទះ ស្មើនិង ១៩.២១៥គ្រួសារ, នៅក្នុង១៣០ភូមិ និង៥០សង្កាត់ក្នុងខណ្ឌចំ នួន១១ក្នុងរាជធានីភ្នំពេញ៕ សំរិត