ព័ត៌មានទាន់ហេតុការណ៍៖

ប្តីប្រពន្ធហេងស៊យស្រែកផ្អើលសមត្ថកិច្ចទាំងព្រលឹមអុរចោទប្រពន្ធថាមានសហាយ តាមពិតមិត្តភក្តិសោះ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយបាន កើតឡើងបន្ទាប់ពីបុរសម្នាក់បានស្រែកឆោឡោថា ប្រពន្ធមានសហាយដោយនាំចូលដេកក្នុងបន្ទប់ជួល តែធាតុពិតអ្វីដែលសមត្ថ កិច្ចចុះទៅដល់កន្លែងកើតហេតុជាក់ស្ដែងនោះជារឿងជម្លោះក្នុងគ្រួសារទៅវិញ ដោយសារតែការរស់នៅមិនចុះសម្រុង គ្នាក៏បុរសជាប្តីប្តឹងសមត្ថកិច្ចថាប្រពន្ធមានសហាយ។

ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល លេខA624 ជាន់ទី៦ ខាងក្រោយផ្ទះឡ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យោងតាមសមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់ទីតាំងកើតហេតុបានឲ្យដឹងថា ស្ត្រី ដែលប្តីចោទថាមានសហាយនោះឈ្មោះ ពៅ ចិន្តា ហៅស្រីនាង អាយុ២៣ឆ្នាំ មុខ របរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល កើតហេតុជាមួយមិត្តភក្តិ មានស្រុកកំណើត នៅភូមិស្នាយពរឹម ឃុំព្រះស្តេច ស្រុកព្រះ ស្តេច ខេត្តព្រៃវែង។ ចំណែកលោកប្តីហេង ស៊យឈ្មោះ យឹម រិទ្ធី អាយុ២៧ឆ្នាំ មុខរបរ រដ្ឋបាលក្រុមហ៊ុន ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកំពង់បាយ ខេត្តកំពត ។

បើតាមសម្តីបុរសជាប្តីបានឲ្យដឹងថា ខ្លួនធ្លាប់មានប្រពន្ធម្តងរួចមកហើយនិងមាន កូនម្នាក់ក៏បានបែកគ្នាទៅរួចហើយរូបគេបានមកយកស្រ្តីខាងលើធ្វើជាប្រពន្ធរយៈពេល៧ឆ្នាំមកហើយដោយបានកូនប្រុសម្នាក់អាយុ៥ឆ្នាំ រស់នៅឯស្រុកជាមួយជីដូនខាងស្រីតែដោយសារមួយរយៈនេះសង្ស័យប្រពន្ធខ្លួនលួចមានសហាយ ចេះតែគេចមុខពីខ្លួនទើបខ្លួនតាមស្វែងរក ទីបំផុតឃើញប្រពន្ធនាំសហាយចូលបន្ទប់ជួលក៏ប្តឹងសមត្ថកិច្ចថាប្រពន្ធមានសហាយតែម្តង ។

ដោយឡែកខាងស្រ្តីរងគ្រោះក៏បាន បដិសេធរាល់ការចោទប្រកាន់ថា ខ្លួនមាន សហាយមិនពិតដូចការចោទឡើយ។ ក្រោយពីបានគ្នាជាប្តីប្រពន្ធហេងស៊យរស់ នៅមិនចុះសម្រុងគ្នាប្តីវិញទេដែលតែងតែប្រើអំពើហិង្សាមកលើខ្លួនដោយខ្លួនទ្រាំលែងបានក៏សុំដើរចាកចេញទៅស្នាក់នៅ បន្ទប់ជាមួយមិត្តភក្តិដែលគេមានប្តីប្រពន្ធ កូនរបស់គេនៅជុំគ្នាដើម្បីគេចពីទារុណកម្មផ្លូវចិត្ត រាងកាយរបស់ប្តីអស់រយៈពេលជាង ១ខែមកហើយទើបតែនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកាប្តីតាមរកឃើញរូបនាងហើយក៏ចោទថានាំសហាយមកដេកទៅវិញ ។

ក្នុងហេតុការណ៍នោះដែរដោយសមត្ថកិច្ចឃើញមានសភាពរញ៉េរញ៉ៃដល់អ្នក ជិតខាងទើបសមត្ថកិច្ចនាំប្តីប្រពន្ធ២នាក់នេះមកនិយាយគ្នានៅសាលាសង្កាត់ចោមចៅទី១សាកសួរឲ្យដឹងរឿងហើយមន្ត្រី សង្កាត់បានពន្យល់អប់រំណែនាំមិនឲ្យប្តីប្រើអំពើហិង្សាក្នុងគ្រួសារទៀត ។

ក្រោយពីមន្រ្តីសង្កាត់ណែនាំរួចហើយស្រាប់តែលោកប្តីហេងស៊យឡើងជិះម៉ូតូ ឌុបចាកចេញទៅបាត់ទៅ។ រីឯស្រ្តីរងគ្រោះ មិនទាន់ហ៊ានត្រលប់ទៅផ្ទះវិញទេដោយ ភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួនរង់ចាំសាច់ញាតិក្រុមគ្រួសារមកទទួលយកវិលត្រឡប់ទៅស្រុកកំណើតវិញ ៕ សុខាសែនជ័យ


ចែករំលែក៖