ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកម៉ូតូឌុបគ្នាសង្ស័យរអិលបណ្តាលឲ្យដួលហើយត្រូវរថយន្តដឹកកម្មករមកដល់កិនស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ៖ ឃាតកឈាមត្រជាក់បានបន្តយកជីវិតយុវជន២នាក់ទៀតហើយ ខណៈដែលបើកបរម៉ូតូ១គ្រឿងឌុបគ្នាពេលមេឃកំពុងភ្លៀង ហើយសង្ស័យរអិលក៏បានដួលម៉ូតូ ពេលនោះឡានដឹកកម្មកររោងចក្រមកដល់ ក៏កិនពីលើបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មជាទីបំផុត។

ជនរងគ្រោះទាំង២នាក់ សុទ្ធជាយុវជនអាយុ១៨ឆ្នាំដូចគ្នា មានមុខរបរជាកម្មករបោយមាន់ ទា ស្នាក់នៅផ្ទះជួលម្តុំសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិតាលុន ឃុំវាលត្រែង ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះទីមួយត្រូវបានស្គាល់ឈ្មោះឆាន ហន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបោចមាន់ ទារ និងទីពីរឈ្មោះ យ៉ុម យេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដូចគ្នា ។

សាក្សីឃើញហេតុការណ៍បានប្រាប់នគរវត្តថា កាលពីវេលាម៉ោង១៦និង១០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ គេឃើញយុវជនទាំងពីរនាក់ជិះម៉ូតូឌុបគ្នាមួយគ្រឿងម៉ាកគុប ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្របពេលមេឃកំពុងភ្លៀងនោះ គេសង្ស័យថា ម៉ូតូរបស់ពួកគេរអិល ហើយដូល អកុសលភ្លាមនោះ ឡានកូរ៉េមួយគ្រឿងដឹកកម្មករពេញ បើកស្របគ្នាមកដល់ក៏បុកហើយកិនពីលើបណ្តាលឲ្យយុវជនទាំងពីរនាក់ស្លាប់​ក្នុងថ្លុកឈាម ។

ក្រោយកើតហេតុ រថយន្តមួយនេះបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន សមត្ថកិច្ចបានចុះពិនិត្យនិងចាត់ចែងតាមនីវិធី៕ តុង សីហា


ចែករំលែក៖