ព័ត៌មានទាន់ហេតុការណ៍៖

ប្រុស ស្រី២នាក់របួសធ្ងន់ករណីឡានក្រុងបើកបុកម៉ូតូហុងដាឌ្រីម

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុស ស្រី២នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈជួបគ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តក្រុងបើកបុកពេញទំហឹងហើយត្រូវរថយន្តសាម៊ុយដឹកយកទៅសង្គោះនៅមន្ទីរពេទ្យភ្លាមៗចំណែកអ្នកបើកបររថយន្តបង្ករត់គេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវភ្នំពេញ ហាណូយ (១៩១៩) កែង និងផ្លូវលេខ១៩៧០ ស្ថិតក្នុងក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០០៤ ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង១L.៥០៦៤ បើកបរដោយបុរសម្នាក់ និងស្ត្រីម្នាក់ជាអ្នករួមដំណើរជិះពីក្រោយក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុកន្លែងផ្លូវបំបែក ក៏មានរថយន្តក្រុង១គ្រឿងម៉ាក KIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ៣C២០៦១ ដែលជាប្រភេទរថយន្តដឹកអ្នកដំណើរ បើកបរក្នុងទិសដៅពីលិចទៅកើត ឆ្លងផ្លូវទៅបុក នឹងម៉ូតូជនរងគ្រោះពេញទំហឹងបណ្តាលឲ្យបុរស និងស្ត្រី២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកម៉ូតូគៀបជាប់ក្រោមរថយន្ត។

ក្រោយពីឃើញហេតុការណ៍នេះ អ្នកបើកបររថយន្តបានបើកទ្វារចុះរត់គេចខ្លួនបាត់ស្រមោល ដោយឡែកជនរងគ្រោះទាំង២នាក់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ នគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខបានចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយនៅពេលក្រោយ៕ តុង សីហា


ចែករំលែក៖