ប៉ោយប៉ែត៖ ពលករខ្មែរ៤នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ក្នុងចំណោមពលករសរុប៥នាក់ ខណៈដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរតាមរយៈថយន្តតាក់ស៊ី ហើយបានរេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកនឹងដើមឈើយ៉ាងពេញទំហឹងរួចមក ។
តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា ករណីនេះ បានកើតឡើងនៅព្រលប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងឃុំខៅវង់កុត ស្រុកកែងហាងម៉ែវ ខេត្តច័ន្ទបុរី ប្រទេសថៃ ដោយបង្កឡើងដោយរថយន្តតាក់ស៊ីមួយគ្រឿង បើកបរដោយជនជាតិថៃ ព្រមទាំងមានដឹកពលករខ្មែរសរុប៥ នាក់ផង ក្នុងគោលបំណងទៅធ្វើការនៅក្នុងទីក្រុងបាងកក ។
សាក្សីបាននិយាយថា នៅមុនពេលកើតហេតុ គេសង្គេតឃើញរថយន្តតាក់ស៊ី ខាងលើ បានបើកបរក្នុងល្បឿនយ៉ាងលឿន លុះទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តនេះ បានរេចង្កូតធ្លាក់ចេញពីផ្លូវ ទៅបុកនឹងគល់ឈើមួយដើម បណ្តាលឲ្យអ្នកដំណើរនៅក្នុងរថយន្ត ខ្ទាតចេញពាសវាល ពាសកាល ដោយឡែកអ្នកបើកបររថយន្តដែលជាជនជាតិថៃ មានឈ្មោះ ឡាំភូន កែវយ៉ៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅឃុំបានដុង ស្រុកបានដុង ខេត្តអ៊ុដនថានី គៀបជាប់នៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត ។
ក្រោយពេលតម្រួតថៃចុះពិនិត្យទីតាំងកើតហេតុ ទើបដឹងថា អ្នកដំណើរទាំង៥នាក់ គឺជាពលករខ្មែរ ដោយ៤នាក់ ត្រូវស្លាប់ ប្រុស២នាក់ ស្រី២នាក់ និងបុរសម្នាក់ រងរបួសជាទម្ងន់ នៅក្នុងនោះដែរ តម្រួតថៃក៏បានរកឃើញនារីម្នាក់ មានជាប់អត្តសញ្ញាណប័ណ្ណខ្មែរ នៅនឹងខ្លួនដែលមានឈ្មោះ សឿន សឺន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
បច្ចុប្បន្នក្រុមតម្រួតថៃ កំពុងស្រាវអ្រាវរកអត្តសញ្ញាណអ្នកស្លាប់ផ្សេងទៀត ដើម្បីរៀបចំ ឯកសារបញ្ជូនសព មកកាន់ស្រុកកំណើតវិញ ដើម្បីប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា