ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី​ រត្ន័ខេមរុណ​ នាំយកអំណោយមនុស្សធម៌ពីកាកបាទក្រហមខណ្ឌមានជ័យជូនបុរសពិការភ្នែកនិង ដៃគ្មានទីពឹងក្នុងភូមិមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង០២និង២៥នាទីរសៀល ថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ ក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ​ ដឹកនាំដោយ លោក ឌី​ រត្ន័ខេមរុណ​ អភិបាលរង ខណ្ឌមានជ័យ និង ជា ប្រធានគណៈកម្មធិការអនុសាខា​ខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក ស្រីក្រុមប្រឹក្សាសង្កាត់ និង ភូមិ រួមទាំងក្រុមការងារ សមាជិក សមាជិកា អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ យុវជន កាកបាទក្រហមខណ្ឌ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌កាកបាទក្រហមខណ្ឌមានជ័យ មកផ្តល់ជូន លោក អាត ឆាលី ភេទប្រុស អាយុ ២៦ឆ្នាំ ពិការភ្នែកទាំងគូរ និង ពិការដៃទាំងទ្វេ និង មានជំងឺរ៉ាំរ៉ៃជាប្រចាំថ្ងៃ កំព្រាឱពុកម្តាយគ្មានទីពឹងរស់ក្នុងបន្ទប់ផ្ទះជួលជាមួយគេ ជួបការខ្វះខាតក្នុងជីវភាពរស់នៅជាប្រចាំថ្ងៃ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មា ធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និង ផ្តល់ក្តីអាណិតអាសូរ ស្រឡាញ់ ចំពោះប្រជាពលរដ្ឋ រងគ្រោះ និង ងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់ស្រទាប់វណ្ណៈដោយ មិនប្រកាន់ពូជសាសន៍ពណ៍សម្បុរ ឬ និន្នាការនយោបាយណាមួយឡើយ ។

ទន្ទឹមនឹងនោះ លោកប្រធានអនុសាខា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋជាពិសេសមនុស្សចាស់ដែលមានជំងឺរាំរ៉ៃ និង ក្មេងកំព្រាឱពុកម្តាយ ស្រ្តីសំរាលកូន នាពេលនេះ ត្រូវធ្វេីយ៉ាងណា ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យល្អក្នុងការរស់នៅ ត្រូវពិសារទឹកដាំឆ្អិន និង កុំសេពគ្រឿងញៀន និងមិនត្រូវប្រព្រឹត្តិអ្វីដែលខុសឆ្គងនិងសង្គម ជាពិសេសត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព និង បង្ការជំងឺផ្សេងៗកុំអោយឆ្លងរាលដាលដល់ខ្លួន យេីងបន្ថែមទៀត ។

បន្ទាប់មក លោក ឌី រត្ន័ខេមរុណ ប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ក៏បានផ្តល់អំណោយមនុស្សធម៌ និង សំភារះថវិកាជូនបុរសកំសត់ពិការភាពដែរទទួលមាន ៖ អង្ករចំនួន១បាវ ស្មេី ៣០គីឡូក្រាម មី ១កេស ទឹកត្រី១យួរ ទឹកសីុអីុវ១យួរ . ទឹកសុទ្ឋ ១យួរ​ . ស្ករស ០១គីឡូក្រាម​ ទឹកក្រូច ០៣កុំប៉ុង​ តែ ០២កញ្ចប់​ទឹកដោះគោ ១កំប៉ុង ត្រីខ ០១កុំប៉ុង ចានដែកដែក ១ ចាន ឆ្នាំង ចង្ក្រានហ្គាស ភួយ កន្ទេល បំពង់ទឹកក្តៅ ១ ធុងទឹក ១ និងសំភារះជាច្រើនទៀត រួមថវិកា ៥ម៉ឺនរៀលផងដែរ ៕ ស តារា


ចែករំលែក៖