ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់បុរស៣នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាក្នុងទិសដៅបញ្ច្រាស ពីលិចទៅកើតកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានប្រាប់នគរវត្តថា បុរសដែលបើកបរម៉ូតូបង្កហេតុ មិនប្រកាន់ស្ដាំមានឈ្មោះឡុច ល័ក្ខ អាយុ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិថ្នាធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង និងអ្នករួមដំណើរម្នាក់មិនស្គាល់អត្តសញ្ញាណរងរបួសធ្ងន់ មានទីលំបៅភូមិ ឃុំជាមួយគ្នា ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1C5144 ខូចខាតទាំងស្រុង។
ចំណែកបុរសបើកម៉ូតូរងគ្រោះមានពៅ ធារិទ្ធ អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិត្រពាំងរទេះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរស២នាក់ បានជិះម៉ូតូមួយគ្រឿងម៉កហុងដាសេ១២៥ ពណ៌ខ្មៅ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ពីកើតមកលិច ដោយមិនប្រកាន់ស្ដាំ ស្រាប់តែទៅបុកនឹងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅជិះម្នាក់ឯងបញ្ច្រាសទិសគ្នាលាន់ដូចរន្ទះបណ្ដាលឲ្យបុរសខាងលើរងរបួសធ្ងន់ត្រង់ចង្កេះសន្លប់នឹងកន្លែង។
ក្រោយមកសមត្ថកិច្ចបានមកដល់វាស់វែង និងយកអ្នករបួសធ្ងន់ទាំង៣នាក់ បញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ព្រមទាំងអូសយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីបំពេញសំណុំរឿងតាមច្បាប់៕ យឹម សុថាន