ព័ត៌មានទាន់ហេតុការណ៍៖

ជាងធ្វើពិដានផ្ទះម្នាក់ត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់រងរបួសធ្ងន់ ពលរដ្ឋដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសជាងធ្វើពិដានផ្ទះម្នាក់ ធ្វើការធ្វេសប្រហែស ត្រូវខ្សែភ្លើងតង់ស្យុងខ្ពស់ឆក់ឆេះខ្លួនរងរបួសធ្ងន់ នៅចំណុចក្បែរសាលាក្រុងសិរីសោភ័ណ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះបានលើកដែកប៉ះនឹងខ្សែភ្លើងស្រាតរបស់រដ្ឋតបណ្តាញនៅតាមដងផ្លូវ៧មករានោះ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិត នៅចំណុចខាងត្បូងសាលាក្រុងសិរីសោភ័ណ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ភូ ភុយ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

បើតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុមានជាងដែក និងជាងធ្វើពិដានផ្ទះមួយក្រុមបាននាំគ្នាមកធ្វើផ្ទះរបស់ឈ្មោះ មឿន សីហា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

លុះបន្ទាប់មកជនរងគ្រោះជាជាងពិដានបានឡើងទៅផ្នែកខាងលើផ្ទះដើម្បីធ្វើពិដានផ្ទះ រំពេចនោះ មានកម្មករម្នាក់នៅខាងក្រោមបានហុចឆ្អឹងដែកឲ្យជនរងគ្រោះហើយជនរងគ្រោះ ក៏ចាប់ទាញយកឡើងលើប៉ះនិងខ្សែភ្លើងស្រាតដែលតបណ្តាញរត់កាត់នៅលើផ្ទះនោះ ហើយក៏បណ្តាលឲ្យឆក់ជនរងគ្រោះឆេះមួយចំហៀងខ្លួនរងរបួសធ្ងន់ ក៏ត្រូវបានម្ចាស់ផ្ទះ និងកម្មករធ្វើការជាមួយគ្នាជួយសង្រ្គោះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នៅទីនោះជាខ្លាំង។

ជនរងគ្រោះគេឃើញមានសភាពដឹងខ្លួនអាចនៅអង្គុយបានបន្ទាប់មកត្រូវបានដឹកយកទៅសង្រ្គោះជីវិតជាបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា- ជប៉ុន ស្រុកមង្គលបុរី។

សូមបញ្ជាក់ថា ផ្ទះខាងលើកសាងនៅក្រោមបង្គោលខ្សែភ្លើងនៅលើចំណីផ្លូវសាធារណៈ បើតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរអគ្គីសនីឲ្យដឹងថារាល់ការកសាងផ្ទះ ឬកសាងសំណង់អគារណាមួយ យ៉ាងហោចណាស់មិនឲ្យនៅជិតជាង៣ម៉ែត្រពីខ្សែបណ្តាញអគ្គីសនីនោះឡើយ ៕ សំ វិច្ឆិកា


ចែករំលែក៖