ខេត្តស្ទឹងត្រែង៖ មាតាបិតា កូនសិស្ស និងលោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន នៅក្នុងសាលាបឋមសិស្សា ហ៊ុន សែនកាំងដីស ក្នុងនោះមានសិស្សចំននួប្រមាណជិត២០០នាក់ ចាប់ពីថ្នាក់ទី១ ទៅដល់ថ្នាក់ទី៦ បានសំណូមពរ ក៏ដូចអំពាវនាវទៅដល់ថ្នាក់ដឹកនាំប្រទេស ព្រមទាំងសប្បុរសជន រួមទាំងអង្គការក្រៅរដ្ឋាភិបាលនៅក្នុងប្រទេស និងក្រៅប្រទេស សុំឲ្យជួយសាងសង់សាលារៀនដែលមានសភាពចាស់ទ្រុឌទ្រម ដល់ដំណាក់កាលហើយ ហើយមានការភ័យខ្លាច នៅពេលមានភ្លៀង ឬខ្យល់ ខ្លាចបាក់ធ្លាក់ក្បឿងមកសង្កត់លើ ត្រូវចំក្បាលកូនសិស្ស ដែលកំពុងរៀន ដែលស្ថិតនៅក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
តាមការរៀបរាប់របស់កូនសិស្ស រៀននៅសាលាបឋមសិស្សាហ៊ុន សែនកាំងដីស បានប្រាប់ថា សាលារៀនបឋមសិស្សា មានពីរខ្នង ដែលមានសភាពចាស់ទ្រុឌទ្រម ជាយូរឆ្នាំមកហើយ គ្មានការជួសជុល ឬសាងសង់ឡើងវិញនោះទេ ជាច្រើនឆ្នាំមកហើយ ឲ្យតែចូលដល់រដូវវស្សាម្តងៗ ពិបាកក្នុការអង្គុយរៀន គឺដោយសារ ជញ្ជាំង និងបង្អួចវាបាក់ពុកផុយ សូម្បីតែដំបូលក្បឿង ក៏ធ្លុះធ្លាយលិចហើយអាចជ្រុះធ្លាក់មកក្រោម អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់ពួគគាត់មិនតែប៉ុណ្ណឹងទេ នៅពេលមានខ្យល់បោកបក់មកម្តងៗ ត្រូវបានលោកនាយកសាលាព្រមទាំងលោកគ្រូ អ្នកគ្រូ បានឲ្យសិស្សផ្អាករៀនសិន ដោយឲ្យចេញមកខាងក្រៅបន្ទប់រៀន ខ្លាចដំបូលក្បឿងទាំងនោះ វាបាក់ធ្លាក់ត្រូវចំក្បាល។
មានកូនសិស្សស្រីចំនួន២នាក់ ក្នុងចំណោមកូនសិស្សទាំងអស់ ដែលមានចំនួនប្រមាណជិត២០០នាក់ បានលើកដៃទទូចសំណូមពរ ដល់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំក្នុងខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង សប្បុរសជនជិតឆ្ងាយទាំងអស់ សូមមេត្តា ជួយជួសជល់ ឬសាងសង់សាលារៀនដែលចាស់ទ្រុឌទ្រមមួយខ្នងខាងលើនេះឡើងវិញផង ព្រោះសព្វថ្ងៃនេះពួកគាត់មិនសូវបានរៀនសូត្រឲ្យបានជាប់លាប់នឹងគេទេ។
នៅជុំវិញរឿងនេះដែរ លោកគ្រូ ឡេង រ៉ានី ជានាយកសាលាបឋមសិស្សាហ៊ុនសែនកាំងដីស នៅក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាននគរវត្តឲ្យដឹងថាៈ សាលារៀនបឋមសិស្សាហ៊ុនសែនកាំងដីស ដែលលោកគ្រូ ជាអ្នកគ្រប់គ្រង់ មានចំនួនពីរខ្នង ស្មើរនឹង៥បន្ទប់ តែចាប់ពីលោកបានធ្វើជានាយកសាលានៅទីនេះ គឺបានចំនួន៣ឆ្នាំមកហើយ តែឥឡូនេះ ក្នុងការបង្រៀនសិស្សជួបការលំបាកបញ្ហាសាលាធ្លុះធ្លាយ ធ្វើឲ្យលិចទឹកស្រក់ទទឹកអស់ខោអាវ សៀវភៅធ្វើឲ្យសិស្សអាក់ខានរៀនសូត្រក្នុងរដូវវស្សានេះ ម្យ៉ាងទៀត សិស្សនៅក្នុងឆ្នាំនេះ មានតែប្រមាណជិត២០០នាក់ ចាប់ពីថ្នាក់ទី១ ដល់ទី៦ ចំណែកលោកគ្រូ អ្នកគ្រូចំនួនសរុប៨នាក់ គ្រូប្រុសចំនួន៤នាក់ និងគ្រូស្រីមានចំនួន៤នាក់ស្មើគ្នា គឺក្នុងការបង្ហាត់បង្រៀន សិស្សមានការលំបាក ដោយសារតែសាលាវាចាស់ទ្រុឌទ្រមបាក់ពុកផុយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយមានការបារម្ភភ័យខ្លាច អំពីដំបូល ខ្លាចបាក់ក្បឿងហ្នឹងធ្លាក់ត្រូវចំសិស្សដែលនៅខាងក្នុង ខណៈកំពុងអង្គុយរៀន ។
លោកបានបញ្ជាក់ថា ច្រើនឆ្នាំមកនេះ លោកបានធ្វើសំណើ និងដាក់ពាក្យដល់ខាងសាលាខេត្ត និងលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត តែមិនមានប្រតិកម្មអ្វីសោះ។ ទើបដល់សម្តេចអញ្ចើញមកសម្ភោធស្ពាន និងផ្សារសាមគ្គីខេត្តស្ទឹងត្រែង លោកឆ្លៀតយកសំណើនេះមកដាក់ជូនសម្តេចម្តងទៀត បែរជាខាងរដ្ឋបាលសាលាខេត្ត និងមន្ទីរអប់រំយុវជន និងកីឡាខេត្ត គេបាននិយាយថា ចាំឆ្លងយោបល់ថ្នាក់ខេត្តសិន ចាប់ពីពេលនោះមក ក៏ស្ងាត់ឈឹងរហូតមកដល់បច្ចុប្បន្ននេះ ។
លោកនាយកសាលារូបនេះបានបញ្ជាក់ទៀតថា កូនសិស្សមួយចំនួនដែលមិនបានមកចុះឈ្មោះចូលរៀនទៀងទាត់ គេចពីសាលារៀននោះ ទីមួយ កត្តាជីវភាព ក្នុងក្រុមគ្រួសាររបស់គាត់ មានការខ្វះខាត ដូចជាសម្លៀកបំពាក់ សំភារៈសម្រាប់សិស្សា និងការហូបចុកមិនគ្រប់គ្រាន់ជាដើម ក្នុងនោះសិស្សខ្លះ មករៀនអត់បានបាយហូបពីផ្ទះ សូម្បីលុយមួយរយរៀលទុកសម្រាប់ទិញនំចំណីហូបនៅសាលារៀនហ្នឹង ក៏អត់មានដែរ អីចឹងហើយធ្វើឲ្យសិស្សមួយចំនួនហ្នឹង កើតជំងឺខ្យល់គរទៀតផង ដោយសារតែខ្វះអាហាររូបត្ថម្ភហ្នឹងហើយ ធ្វើឲ្យក្មេងមិនឆ្លាតរៀនមិនសូវពូកែដូចកូនគេ មានការហូបចុកបានគ្រប់គ្រាន់ និងទី២ មូលហេតុមកពីកត្តាខ្វះបន្ទប់រៀន និងឪពុកម្តាយរបស់សិស្សមានការភ័យខ្លាចព្រួយបារម្ភ ចំពោះកូននៅពេលមករៀនខ្លាចសាលារៀនហ្នឹងវាចាស់ទ្រុឌទ្រមខ្លាំង អាចបាក់ធ្លាក់សង្កត់លើកូនរបស់គាត់ ហើយនៅពេលមានភ្លៀងខ្យល់មកម្តងៗ ពួកគាត់ខ្លាចក្បឿងជ្រុះត្រូវចំក្បាល់អាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ក៏ថាបាន ដោយកត្តាខាងលើនេះហើយ ទើបក្នុងឆ្នាំនេះចំនួនសិស្សមានការថយចុះ ៕ មាស សុផាត