ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាការពារភូមិ សហការជាមួយម្ចាស់ផ្ទះចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានក្រោយពីចូលផ្ទះប្រជាពលរដ្ឋប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីម៉ោង១៤និង៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ភោ ខ្មៅ ហៅញ៉ាញ់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិខ្នាច ឃុំបឹងត្រាញ់ស្រុកសំរោងខេត្តតាកែវ។
ដើមបណ្តឹងឈ្មោះ ឡាង វិមាន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីប្រជាការពារភូមិបានប្រាប់ថា មុនឃាត់ខ្លួនជនសង្ស័យ គឺម្ចាស់ផ្ទះរងគ្រោះបានឃើញជនសង្ស័យខាងលើ ចូលផ្ទះរបសមគាត់ប៉ុនប៉ងលួចក៍បានរាយការណ៍មកប្រជាការភូមិឲ្យទៅជួយអត្តរាគមន៍ ខណៈទៅដល់ឃើញបក្ខពួកម្នាក់ទៀតនៅខាងក្រៅរបងបានគេចខ្លួនបាត់ នៅសល់តែជនសង្ស័យម្នាក់ត្រូវម្ចាស់ផ្ទះសហការចាប់បានរួចយកមកប្រគល់ឲ្យសមត្ថកិច្ចដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានចូលទៅផ្ទះប្រជាពលរដ្ឋខាងលើមែន ប៉ុន្តែមិនមែនទៅលួចអ្វីទេ គឺទៅរកបងប្អូនប៉ុណ្ណោះ ។ ទោះជាយ៉ាងណា នៅប្លុកផ្ទះជួលខាងលើ មិនមានប្រជាពលរដ្ឋណាស្គាល់ជនខាងលើឡើយនេះគ្រាន់តែលេសជនសង្ស័យប៉ុណ្ណោះ បើមនុស្សល្អនោះ មិនមែនបក្ខពួកម្នាក់ទៀតរត់ចោលឡើយ។
សមត្ថកិច្ចបានប្រាប់ថា ក្រោយពីយកមកដល់ប៉ុស្តិ៍បានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀនទៅលើជនសង្ស័យ ក្រោយពិនិត្យទៅលើទឹកនោមឃើញថា ជនសង្ស័យនេះមានផ្ទុកនូវសារធាតុញៀនក្នុងទឹកនោមសមត្ថកិច្ចក៏ឃាត់ខ្លួនតែម្តង ដោយចោទប្រកាន់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយករណីទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ តុង សីហា