ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូSLបុកអ្នកជិះម៉ូតូហុងដាឌ្រីមពីក្រោយសន្លប់ស្តូកម្នាក់របួសធ្ងន់ម្នាក់នៅផ្លូវបេតុងបឹងតាម៉ាត

ចែករំលែក៖

ភ្នំពេញ៖ អ្នកបើកបរម៉ូតូម៉ាកSLមានសភាពស្រវឹងខ្លាំងបានបុកនឹងម៉ូតូហុងដាឌ្រីមកំពុងបត់ឆ្លងផ្លូវចូលផ្ទះបណ្តាលឲ្យដួលសន្លប់ស្តូកស្តឹង រីឯភាគីម្ចាស់ម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ធ្ងរបំផុតបាក់ឆ្អឹងជំនី និងជើងត្រូវបានរថយន្តសង្រ្គោះបង្អែកដង្កោដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសហភាពខ្មែរសូវៀតភា្លមៗផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវបេតុងបឹងតាម៉ាត ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញភាគីរងគ្រោះម្ចាស់ម៉ូតូហុងដាឌ្រីមបត់ឆ្លងចូលផ្ទះរបស់គាត់ ហើយភាគីអ្នកជិះម៉ូតូSLនោះ បើកបរយ៉ាងលឿនពីកើតមកលិចស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុមិន ក៏បុកនឹងម៉ូតូហុងដាឌ្រីមកំពុងបត់ឆ្លងផ្លូវនោះ បណ្តាលឲ្យដួលប្រាវទាំងអស់គ្នាសន្លប់ស្តូកស្តឹង និងភាគីម៉ូតូហុងដាឌ្រីមនោះរបួសធ្ងន់។

ភ្លាមៗនោះសមត្ថកិច្ច ក៏បានចុះដល់កន្លែងកើតហេតុវាស់វែង។ សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ជា រ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DH-0705 ធ្វើដំណើរពីកើតមកលិច។

ជនរងគ្រោះជិះម៉ូតូរបស់ខ្លួនមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្លងផ្លូវចូលផ្ទះ ក៏ស្រាប់តែអ្នកជិះម៉ូតូបង្កហេតុម៉ាក SL ពាក់ស្លាកលេខ ភ្នំពេញ 1M-7979 ជិះស្របទិសគ្នាបុកពីក្រោយពេញទំហឹងតែម្តងបណ្តាលឲ្យដួលសន្លប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ភាគីម្ចាស់ម៉ូតូហុងដាឌ្រីម។

សមត្ថកិច្ចបន្តថា ក្រោយវាស់វែងរួចម៉ូតូទាំង២គ្រឿងត្រូវបានដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាបណ្តោះអាសន្នរង់ចាំភាគីទាំងពីរចូលខ្លួនដោះស្រាយ។ ចំណែកជនរងគ្រោះកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យសហភាពខ្មែរសូវៀត៕ តាឡឹម


ចែករំលែក៖