ព័ត៌មានទាន់ហេតុការណ៍៖

ដើរដកផ្សិតប្រទះឃើញកាំភ្លើងអាកា២ដើមប្រគល់ជូនសមត្ថកិច្ច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នគរបាលទទួលកាំភ្លើង អាកា២ដើម ពីប្រជាពលរដ្ឋរកស៊ីចូលព្រៃដកផ្សិត ហើយរើសបាននៅក្បែរជើងភ្នំ ត្រង់ចំណុចអន្លង់ក្រូច ភូមិស្ទឹងថ្មី ឃុំ ប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រមោយ កាលពីព្រឹកថ្ងៃចន្ទ ១រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោកវរសេនីយ៍ទោ ធាង ឡេង អធិការ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានឲ្យដឹងថា តាមប្រជាពលរដ្ឋឈ្មោះ លីម ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ប៉ាត ឡាវ ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិឃុំ ខាងលើ បានបញ្ជាក់ថា ពួកគាត់ទាំង២ បានចេញពីផ្ទះទៅដកផ្សិតនៅចំណុចខាងលើ។ ខណៈដើរដកបានប្រមាណជាមួយ សន្ទុះ ក៏ប្រទះឃើញកាំភ្លើងអាកា២ដើម កប់ក្នុងស្មៅ រួចបានយកមកប្រគល់ជូន សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រមោយរក្សាទុកតែម្តង។

លោក ធាង ឡេង បានបន្តថា កាំភ្លើង អាកា២ដើមមានគុណភាព៤៥ភាគរយ ចំនួន១ដើម និង១ដើមទៀតមានគុណភាព ៣០ភាគរយ។ កាំភ្លើងនេះរលុបលេខ គ្មាន បង់ និងគ្មានគ្រាប់នោះទេ៕ បុឹម ពិន


ចែករំលែក៖