ព័ត៌មានទាន់ហេតុការណ៍៖

ត្រឹមរថយន្តបែនសោះ ចង់សាកកម្លាំងជាមួយរថភ្លើងផង បះជើងច្រងាងៗ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនមួយគ្រឿងបានក្រឡាប់ផ្ងារជើងទាំងព្រឹកបន្ទាប់ពីរថភ្លើងបើកបុក។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្បែរវត្តតាំងកសាងខាងត្បូង ភូមិព្រៃសាលា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ។

រថយន្តបង្ក ម៉ាក នីសាន់ បែនកង់៦ ពណ៌ ស ពាក់ស្លាកលេខ ចង្កូតស្តាំ PP- 0641 បើកបរដោយបុរម្នាក់មានឈ្មោះ ហុិន ឌឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ កម្មករបើកបរររថយន្ត ដេប៉ូលក់គ្រឿងសំណង់ ស្នាក់នៅម្តុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើត ភូមិដូនទ្រា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែករថភ្លើង ខ្សែអូសសណ្តោងទូ ដឹកប្រេង។

តាមបុគ្គលិកប្រចាំការ ផ្លូវដែកត្រង់ចំណុចខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលរថភ្លើង ខ្សែដឹកប្រេង បើកពីលិចទៅកើតជិតមកដល់ គាត់បានចេញមក ធ្វើចរាចរណ៍ ការពារចុចភ្លើងជាសញ្ញា ស្រាប់តែរថយន្តបង្កបើកពីត្បូងទៅជើងឡើងទៅដល់លើផ្លូវដែកឆ្លងកាត់ ក៏បណ្តាលឲ្យអកហ្សឺឈប់ហើយរវល់តែសាងលេខ ស្រាប់តែរថភ្លើងមកដល់ល្មម ទើបបណ្តាលឲ្យបុកប៊ើងបោកផ្ទប់ទៅលើរនាំងការពារផ្លូវដែក បណ្តាលឲ្យបាក់ដាច់ខ្ទេចតែម្តង។

តាមការបកស្រាយរបស់អ្នកបើកបររថយន្តវិញ បានឲ្យដឹងថា ខណៈដែលគាត់មិនស្រួលខ្លួនផង ក្រោយពីលេបថ្នាំហើយ អត់មានអ្នកបើករថយន្តជំនួស ខ្លួនបើកក្នុងបំណងទៅយកខ្សាច់នៅគីឡូម៉ែត្រលេខ៩ ស្រាប់តែបើកមកដល់ចំណុចលើផ្លូវដែក ខាងលើដោយមានទួល ហើយជាប់លេខ៤ ទៅមុខលែងរួចក៏សាងលេខ តែសាងមិនទាន់ ត្រូវរថភ្លើងមកដល់ល្មមបណ្តាលឲ្យបុកយ៉ាងពេញទំហ៊ឹងក្រឡាប់ផ្ងារជើងតែម្តង។

ក្រោយពីជួបឧប្បត្តិហេតុខាងលើ រថភ្លើងបានបន្តដំណើរចូលស្ថានីយធំ ភ្នំពេញបាត់ រហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃខែដដែល ទើបមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះទៅពិនិត្យដល់កន្លែងកើតហេតុ ហើយរថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅផ្នែកជំនាញស្នងការក្រុងភ្នំពេញ រង់ចាំដោះស្រាយ ជាមួយក្រុមហ៊ុនអយស្ម័យាន្តជាក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖