ភ្នំពេញ៖ លោកកែវ វ៉ាន្នី មេធាវីការពារសិទ្ធិអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ថ្លែងនៅរសៀលថ្ងៃព្រហស្បតិ៍្ត ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ថាបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បដិសេធសំណើសុំនៅក្រៅឃុំបណ្តោះអាសន្ន ឥឡូវនេះលោក បានប្តឹងបន្តទៀតទៅសភាស៊ើបសួរសាលាឧទ្ធរណ៍ ដើម្បីសុំឲ្យមានការដោះលែងអ្នកទាំងពីរ ។
បុគ្គលិកវិទ្យុអាស៊ីសេរីពីររូប គឺ លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ហៅ យាង សុជាមេត្តា ជាប់ចោទពីបទ””ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តររាយការការពារជាតិ” តាមមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ ។
បទល្មើសនេះចែងថា “បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តររាយការការពារជាតិ អំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។
គួររំលឹកថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការឯកភាពពីលោក អ៊ុំ សុភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទីស្នាក់ការរបស់វិទ្យុអាស៊ីសេរី ដោយរំលោភច្បាប់កម្ពុជា៕ ចេស្តា