ព័ត៌មានទាន់ហេតុការណ៍៖

មេធាវី​ការពារ​សិទ្ធិ​​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ ប្តឹង​ឡើង​ដល់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​

ចែករំលែក៖

ភ្នំពេញ​៖ ​លោក​កែវ​ វ៉ាន្នី​ មេធាវី​ការពារ​សិទ្ធិ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ ថ្លែងនៅ​រសៀល​ថ្ងៃព្រហស្បតិ៍្ត​ ៤រោច​ ខែមិគសិរ ឆ្នាំ​រកា​ នព្វ​ស័ក​ ព.ស​ ២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ថា​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ឥឡូវ​នេះ​លោក​ បាន​ប្តឹង​បន្ត​ទៀត​ទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំងពីរ​ ។​

បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ គឺ​ លោក​ អ៊ួន​ ឈិន​ និង​លោក​ យាង​ ​សុធារិន្ទ​ ហៅ​ យាង​ សុជា​មេត្តា​ ជាប់​ចោទ​ពី​បទ​””ប្រគល់​ឲ្យ​រដ្ឋបរទេសនូវព័ត៌មានជា​អាទិ៍​ដែលអាចធ្វើ​ឲ្យ​អន្តររាយការការពារជាតិ”​ តាម​មាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌ​ ។

បទល្មើស​នេះ​ចែងថា “បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ ដែលអាចធ្វើ​ឲ្យ​អន្តររាយ​ការការពារជាតិ អំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មានវិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬសលាកបត្រ ដែលអាចធ្វើឲ្យ​អន្តរាយការការពារជាតិ ត្រូវផ្ដន្ទា​ទោសជាប់ពន្ធនាគារពី ៧ឆ្នាំទៅ១៥ឆ្នាំ”។

គួររំលឹក​ថា លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវសមត្ថកិច្ចឃាត់​ខ្លួន​នៅក្នុងផ្ទះសំណាក់យីហោ”ម៉ារឌី” ស្ថិតក្នុងខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ដោយ​មាន​ការ​ឯកភាព​ពី​លោក​ អ៊ុំ​ សុភក្តី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ។

ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរកឃើញថា លោក អ៊ួន ឈិន និង​ លោក​ យាង​ សុជា​មេត្តា​ លួចផលិតអត្ថបទព័ត៌មានបញ្ជូនទៅរដ្ឋធានីវ៉ាស៊ីន​តោន សហរដ្ឋអាមេរិក ជា​ទីស្នាក់ការ​របស់​វិទ្យុ​អាស៊ី​សេរី​ ដោយរំលោភច្បាប់កម្ពុជា៕​ ចេស្តា​


ចែករំលែក៖