ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបង្រ្កាបទីតាំងដ៏ធំមួយក្លែងបន្លំវិចខ្ចប់ម៉ាកប្រេងម៉ាស៊ីនShell Advance ក្លែងក្លាយដើម្បីលក់ចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះទៅឆែកឆេរ និងបង្រ្កាបទីតាំងដ៏ធំមួយដែលបានលួចលាក់ក្លែងបន្លំវេចខ្ចប់ម៉ាកប្រេងម៉ាស៊ីន Shell Advance ក្លែងក្លាយដើម្បីលក់ចែកចាយនៅក្នុងខេត្តបន្ទាយមានជ័យ។

ការចុះបង្រ្កាបដឹកកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ឯក ចាប សុផាប្ញទ្ធិ ស្នងការរងទទួលផែនប្រឆាំងបទល្មើស ធ្វើឡើងនៅចំណុចទីតាំងដែលមានម្ចាស់ឈ្មោះ មួន សូភី ភេទប្រុសអាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការបង្រ្កាបនោះសមត្ថកិច្ចរកឃើញដកហូតបានវត្ថុតាងរួមមានៈប្រេងម៉ាស៊ីនម៉ាកRELIXADVANCE កេសធំចំនួន៤៣កេស (មួយកេសមានចំនួន២៤បជ័រ) ប្រេងម៉ាស៊ីនម៉ាក RELIXADVANCE កេសតូច១៨កេស (មួយកេសមានចំនួន១២ដបជ័រ) ឡូហ្គោក្រដាសស្លាកសញ្ញាម៉ាក Shell Advance ដែលត្រូវក្លែងបន្លំម៉ាក បានបិទលើដបប្រេងម៉ាស៊ីនហើយចំនួន៦កេស និងស្លាកសញ្ញាមិនទាន់ប្រើប្រាស់ចំនួន៣កេស ជ័រសម្រាប់បិទចំនួន១កំប៉ុង និងសំបកកេសក្រដាសម៉ាកសញ្ញាShell Advance មួយចំនួនធំ។

លោកវរសេនីយ៍ឯក ឆេន សុវត្ថិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តប្រាប់ឲ្យដឹងថា ការបង្រ្កាបទីតាំងខាងលើក្រោយពីមានការស្រាវជ្រាវស៊ើបអង្កេតរបស់កម្លាំងនគរបាលការិយាល័យជំនាញ ក្រោយរកឃើញមានការលក់ចែកចាយនូវប្រេងម៉ាស៊ីនក្លែងបន្លំម៉ាកពីប្រេងម៉ាស៊ីនម៉ាកRELIXADVANCE ដែលមានតម្លៃថោក បន្លំទៅបិទស្លាកShell Advance ដែលយកទៅលក់ចែកចាយលើទីផ្សារមានតម្លៃខ្ពស់។ ប្រេងម៉ាស៊ីនម៉ាក RELIXADVANCE ទិញចូលមិនទាន់ដូរម៉ាក១ដប៩ពាន់រៀល នៅពេលបកចេញដូរម៉ាកសញ្ញាShell Advance លក់ក្នុងតម្លៃ១ដប១ម៉ឺន៩ពាន់រៀល។

លោកនាយការិយាល័យបានបញ្ជាក់ឲ្យដឹងទៀតថា ការក្លែងបន្លំសញ្ញាម៉ាកប្រេងម៉ាកម៉ាស៊ីនវាបង្កឲ្យ ប៉ះពាល់ក្រុមហ៊ុនរកស៊ីស្របច្បាប់ និងមិនតែប៉ុណ្ណោះបង្កឲ្យប៉ះពាល់ខាត់បង់ថវិការបស់ប្រជាពលរដ្ឋ និងធ្វើឲ្យការប្រើប្រាស់ម៉ាស៊ីនទោចក្រក្រយានយន្តអាចនិងរងការឆាប់ខូចនោះផងដែរ។

ពាក់ព័ន្ធនិងបញ្ហាក្លែងបន្លំម៉ាកប្រេងម៉ាស៊ីនខាងកម្លាំងនគរបាលការិយាល័យជំនាញកំពុងតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖