ខេត្តព្រៃវែង ៖ អាជ្ញាធរស្រុកពាមរ៍ នៅ ល្ងាចថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានចាប់ទូក និងគ្រឿងចក្របូមខ្សាច់ដាក់លើដីអតីត កំពង់ចម្លងអ្នកលឿងត្រើយខាងកើត ព្រមទាំងឃាត់ខ្លួនជនអន្តោប្រវេសន៍វៀតណាមចំនួន៣នាក់។
មូលហេតុដែលសមត្ថកិច្ចចម្រុះរួមមាន អភិបាលរងស្រុក នគរបាល មន្ត្រីមន្ទីររ៉ែ និងថាមពល មេឃុំ មេភូមិ ស្រុកពាមរក៍ ខេត្តព្រៃវែង ចុះចាប់ទូកខាងលើ ដោយ សារតែអាជ្ញាធរបានចុះឃាត់ និងឲ្យធ្វើកិច្ច សន្យា២ដងមកហើយ តែក្រុមឈ្មូញខាងលើនៅតែមិនព្រមគោរព ទើបលោក ជា សុមេធី អភិបាល ខេត្តព្រៃវែងបានបញ្ជាឲ្យ កម្លាំងចម្រុះចុះចាប់តែម្តង ដោយឃាត់ គ្រឿងចក្រទូក ខ្សាច់ និងឃាត់ខ្លួនជនជាតិ វៀតណាម ៣នាក់ ជាកម្មករបូមខ្សាច់។
យោងតាមសមត្ថកិច្ចបាននិយាយថា ម្ចាស់ទូកខ្សាច់នោះមានឈ្មោះ អ៊ូ រតនា ហៅ ប្រុស ជាមន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តព្រៃវែង។ ការឃាត់ខ្លួននេះគឺអាងលើ លោក អ៊ូ រតនា បានរំលោភលើកិច្ចសន្យា ២ដង និងត្រូវចោទពីបទលាក់ជនអន្តោ ប្រវេសន៍ខុសច្បាប់។
សមត្ថកិច្ចបានបន្តថា ជនជាតិវៀត ណាមទាំង៣នាក់ មានម្នាក់កាន់ passport ប្រភេទ D ជាប្រភេទទេសចរណ៍ និង២នាក់ទៀតគ្មានឯកសារអ្វីទាំងអស់ ។
សូមបញ្ជាក់ផងដែរថា ក្នុងពេលបង្ក្រាប ទូកបូមខ្សាច់ និងគ្រឿងចក្រ ខាងលើ ប្រជាពលរដ្ឋរស់នៅតំបន់អ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង បានសម្តែងការ អបអរសាទរចំពោះចំណាត់ការនេះ ហើយពលរដ្ឋទាំងនោះលើកឡើងថា លោកអភិបាលខេត្ត លោកធ្វើការជាក់ ច្បាស់បម្រើប្រជាពលរដ្ឋពិតប្រាកដ មិនឲ្យ ដីរដ្ឋក្លាយជាដីឯកជននោះឡើយ ព្រោះថា ម្ចាស់ទូកគ្រឿងចក្រមានបំណងចង់បានដី រដ្ឋតំបន់នេះធ្វើជាដីកម្មសិទ្ធិខ្លួនឯង ៕ ហេង នរិន្ទ្រ