ព័ត៌មានទាន់ហេតុការណ៍៖

ជនជាប់ពិរុទ្ធភាពម្នាក់មិនចូលខ្លួនតាមដីកាកោះរបស់តុលាការត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ហួ យ៉ៃ អធិការរងនគរបាលស្រុកព្រៃនប់ ទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ស្រុកព្រៃនប់ បាននាំខ្លួនយុវជនម្នាក់ តាមដីកាបង្គាប់របស់តុលាការ ពីបទប្រព្រឹត្តអំពើហិង្សាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ-ឃុំជើងគោ ស្រុកព្រៃនប់ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ តែជនសង្ស័យរូបនេះ បានគេចខ្លួនមិនចូលបំភ្លឺ តាមដីកាបង្គាប់របស់តុលាការឡើយ។

ជនជាប់ពិរុទ្ធភាពឈ្មោះ ម៉ៅ រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មានលំនៅឋាននៅភូមិ-ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ហួ យ៉ៃ បានបញ្ជាក់ថា បទល្មើសនេះ កើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ ដោយក្នុងពេលប្រព្រឹត្ដបទល្មើស មានគ្នា២នាក់បងប្អូន ជនទំនើងជាប្អូន ត្រូវនគរបាលឃាត់ខ្លួន ក្រោយកើតហេតុភ្លាមៗ និងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរួចហើយ៕ ឆ្លាម សមុទ្រ


ចែករំលែក៖