ខេត្តព្រះសីហនុ៖ មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១៦និង៤០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៧៥-១៧៦ ស្ថិតនៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រថយន្តបែនដឹកដី ១គ្រឿងម៉ាក NISSAN DIESEL ពណ៌ បៃតង គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើរថយន្តបានបត់ឆ្វេងឆ្លងកាត់ផ្លូវ បណ្ដាលឲ្យបុកនឹងម៉ូតូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1E-1330 បើកបរដោយឈ្មោះ សុខ រ៉ាយុទ្ធ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ មានទិសដៅផ្ទុយគ្នា។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ ឈ្មោះ សុខ រ៉ាយុទ្ធ រងរបួសធ្ងន់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ។
ចំណែកអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ក្រោយពេលកើតហេតុ។
រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕ ឆ្លាម សមុទ្រ