ភ្នំពេញ៖ កីឡាករ កីឡាការិនីមកពីសមាគមកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសថ្នាក់ជាតិចំនួន២គ្រឿង លើកវិញ្ញាសារលោតចម្ងាយ ខណៈប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃអះអាងថា ការប្រកួតនេះ សហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័គ្រចិត្តបានកំណត់ចំនួនអ្នកចូលរួម ដូច្នេះអត្តពលិករបស់អង្គភាពអាចទទួលបានមេដាយមាស មិនលើសពី៤គ្រឿងឡើយ ។
លោកជា ប៊ុន ហេង បានបញ្ជាក់បែបនេះ តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីអត្តពលិករបស់ខ្លួនដណ្តើមបានមេដាយមាសថ្នាក់ជាតិចំនួន២គ្រឿងនោះ ។
លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ ថ្លែងប្រាប់តាមទូរស័ព្ទថា បច្ចុប្បន្នអង្គភាពក្រសួងមហាផ្ទៃ មានកីឡាចំនួន២៤ប្រភេទ ដែលកំពុងហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំ២០១៨ខាងមុខនេះ។
ដោយឡែកកីឡាអត្តពលិកពលកម្ម ជាប្រភេទកីឡាឯកត្តជន ដែលមានសក្តានុពលអាចដណ្តើមយកមេដាយបានច្រើន។ ជាក់ស្តែងការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ សហព័ន្ធតម្រូវឲ្យសមាគម-ក្លិបចូលរួម តាមការកំណតរបស់សហព័ន្ធ ដោយយោងទៅលើហេតុផល កញ្ចប់ថវិកាមានកំណតដែរ ។ ទោះបីយ៉ាងណាក៏ដោយ កីឡាករ កីឡាការិនីរបស់អង្គភាពកីឡាក្រសួងមហាផ្ទៃមានលទ្ធភាពដណ្តើមយកមេដាយមាសបានចំនួន៤គ្រឿង ក្នុងចំណោម មេដាយមាសសរុប គឺលើវិញ្ញាសារលោតចម្ងាយ បុរស – នារី ប៉ុន្តែមេដាយមាស២គ្រឿងទៀត លោក ពុំដឹងថា បានមកពីវិញ្ញាសារអ្វីឡើយ គ្រាន់តែលោករំពឹងទុកថា យ៉ាងហោចគឺមេដាមាស៤គ្រឿងដែរ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។
លោកប៉ែន វិទ្ធី អគ្គលេខាធិការសហព័ន្ធកីឡាខ្មែរអត្តពលកម្មស្ម័គ្របានប្រាប់ឲ្យដឹងថា ឆ្នាំនេះសហព័ន្ធ បានបន្ថែមវិញ្ញាសាថ្មីចំនួន៣ដាក់ឲ្យកីឡាករកីឡាការិនីប្រកួតដណ្តើមយកមេដាយជើងឯកថ្នាក់ជាតិឆ្នាំនេះ គឺវិញ្ញាសារត់ល្បឿនចម្ងាយ៤០០ម៉ែត្របណ្តាក៤នាក់ ៨០០ម៉ែត្រ និង១៥០ម៉ែត្រ បុរស-នារី ដែលជាវិញ្ញាសាថ្មីមួយ អាចប្រជែងយកមេដាយបាននៅលើឆាកអន្តរជាតិ ព្រោះប្រទេសខ្លះក៏មិនទានមានសក្តានុពលក្នុងការប្រកួតដណ្តើមយកមេដាយលើវិញ្ញសាទាំង៣នេះដែរ។
លោក ផៃ សុខ គ្រូជម្រើសជាតិកីឡាអត្តពលិកម្មមានប្រសាសន៍ថា ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧នេះមានអត្តពលចូលរួមមកពី២៥រាជធានី-ខេត្ត និងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ចំពោះវិញ្ញាសា មានរត់ល្បឿន ១០០ម៉ែត្រ ២០០ម៉ែត្រ ៨០០ម៉ែត្រ និង ១៥០ម៉ែត្រ លោតចម្ងាយ លោតបណ្តាក់៣ដង ចោលដុំដែក ចោលថាស និងរត់បណ្តាក៤នាក់ចម្ងាយ៤០០ម៉ែត្រ។
គួររំលឹកថា ប្រភេទកីឡាអត្តពលកម្ម ចាប់តាំងពីបញ្ចប់របបកម្ពុជាប្រជាធិបតេយ្យ កម្ពុជា មានតែកីឡាករហែម ប៊ុនទីងម្នាក់គត់ ធ្លាប់ដណ្តើម មេដាយលើកដំបូងជូនកម្ពុជា គឺមេដាយប្រាក់នៅស៊ីហ្គេមឆ្នាំ២០០៧ និងមេដាយសំរឹទ្ធិឆ្នាំ២០០៩ស៊ីហ្គេមនៅប្រទេសឡាវ បច្ចុប្បន្នកីឡាកររូបនេះបានលាចាកពីអត្តពលកម្ម ហើយក៏មិនទាន់មានអត្តពលិកណាម្នាក់អាចជំនួសហែម ប៊ុនទីងបាននៅឡើយទេ៕ សារីម

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច