ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយនិងសរសៃប្រសាទចងកសម្លាប់ខ្លួននៅទ្រុងដែកផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ និងរាយការណ៍មកសមត្ថកិច្ចចុះពិនិត្យសាកសពភ្លាមៗ ខណៈដែលប្រទះឃើញបុរសម្នាក់ស្លាបចងកនឹងខ្សែអង្រឹងក្នុងទ្រុងដែក កាលពីវេលាម៉ោង១០ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងគ្រួស ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យកាសែតនគរវត្តដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចស្រុកកម្លាំងប៉ុស្ដិ៍រដ្ឋបាល ក្រុមប្រឹក្សាសង្កាត់គ្រូពេទ្យជំនាញបាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ និងពិនិត្យសាកសព ។

ប្រភពបន្តថា សាកសពដែលប្រទះឃើញមានឈ្មោះពេជ្យ ពន្លក អាយុ៣៤ឆ្នំា រស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា កូនគាត់គឺមានជំងឺប្រចាំកាយ និងសរសៃប្រសាទយូរឆ្នាំមកហើយ ដោយត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យដែរ ប៉ុន្តែមិនធូរស្រាលសោះ ណាមួយថវិកាមិនមានគ្រប់គ្រាន់ចេះតែទុកទៅ។

មុនពេលប្រទះឃើញ គាត់(សាក្សី)បានត្រឡប់មកពីផ្សារដូចសព្វដង ហើយឃើញក្នុងផ្ទះស្ងាត់ជ្រងំ រួចក៏ស្រែកហៅគ្មានអ្នកតប ទើបដើររកមើលនៅទ្រុងដែកឆ្ងាយពីផ្ទះ១០ម៉ែត្រស្រាប់តែឃើញចងកសម្លាប់ខ្លួនធ្វើឲ្យមានការភ្ញាក់ផ្អើល និងស្រែកហៅអ្នកភូមិឲ្យមកជួយ តែមិនបានទាន់ពេលវេលាទេ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

បន្ទាប់ពីសមត្ថកិច្ចពិនិត្យសាកសពរួចក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ព្រោះមិនមែនជារឿងឃាដកម្មនោះទេ៕ យឹម សុថាន


ចែករំលែក៖