ខេត្តបន្ទាយមានជ័យ៖ យុវវ័យមួយគូ ខាងស្រីមិនទាន់គ្រប់អាយុបានលេងល្បែងស្នេហា ខឹងម្តាយខាងស្រីបំបែកមិនឱ្យជួបគ្នា ពួកគេក៏សម្រេចចិត្ត ដោយភាគីខាងស្រីចងកសម្លាប់ខ្លួន បានសម្រេច ចំណែកខាងប្រុសលេបថ្នាំសម្លាប់ខ្លួនមិនបានសម្រេច ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៧ នៅផ្ទះអ្នកជិតមួយកន្លែងគ្មានមនុស្សនៅចាក់សោទុកចោល ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថាៈ ក្មេងស្រីរងការសម្លាប់មានឈ្មោះសែម សុធារ៉ា អាយុ១៣ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាសិរីសោភ័ណ ថ្នាក់ទី៧ ។ ចំណែកក្មេងប្រុសដែលជាគូសង្សារឈ្មោះរឿន សីហា អាយុ២០ឆ្នាំ ពួកគេនៅផ្ទះទល់មុខគ្នា ដោយក្មេងប្រុសកំព្រាឳពុកម្តាយមករស់នៅជាមួយបងស្រី ស្ថិតនៅភូមិ សង្កាត់កើតហេតុខាងលើ។
បើតាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវស៊ើបអង្កេតប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកទាំង២នាក់ បានបាត់ពីផ្ទះចាប់តាំងពីម៉ោង៣រសៀលថ្ងៃដដែល។ បន្ទាប់មកស្រាប់តែអ្នកភូមិឃើញ ក្មេងប្រុសរត់ចេញមកពីបន្ទប់ទឹកផ្ទះជិតនោះ ទាំងអាការៈក្រហល់ក្រហាយត្រដរខ្យល់ ហើយត្រូវបានបងស្រីដឹកទៅសង្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ដោយមានការសង្ស័យគាត់បានទៅមើលក្នុងបន្ទប់ទឹក ស្រាប់តែឃើញសពក្មួយស្រីឈ្មោះសែម សុធារ៉ា បានស្លាប់ដោយចងកបាត់ទៅហើយ យកអាវពណ៌សចងនឹងធ្នឹមបន្ទប់ទឹក មិនដឹងពីពេលណានោះទេ។
តាមការពិនិត្យនៅកន្លែងកើតហេតុ គេឃើញមានថ្នាំប៉ារ៉ានៅរាយប៉ាយ និងដបថ្នាំ១ដប រួមទាំងមានលុយមួយចំនួននៅក្រោមសពផងដែរ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដដែលឱ្យដឹងទៀតថា បើតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការធ្វើកោសល្យវិច័យសព ការស្លាប់របស់ក្មេងស្រីខាងលើមិនជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ តាមការសន្និដ្ឋានគឺពួកគេសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនទាំង២នាក់។ មុនពេលកើតហេតុបងស្រី ក្មេងរងគ្រោះបានឮក្មេងស្រីនោះហៅទូរស័ព្ទទៅក្មេងប្រុសជាសង្សារយកថ្នាំមក។ មិនតែប៉ុណ្ណោះក្មេងស្រីរងគ្រោះបានរងការវាយពីម្តាយដើម្បីកុំឱ្យមានការទំនាក់ទំនងស្នេហាជាមួយនឹងក្មេងប្រុសដែលជាគូសង្សារ នោះទៀតផង៕ សំ វិច្ឆិកា