ខេត្តកំពង់ធំ៖ បុរសម្នាក់ជិះម៉ូតសង់កូរ៉េបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តហាយឡេនឌឺបុកពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរារណ៍នេះបានកើតឡើងកាលវេលាម៉ោង១៨និង៣០នាទី ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៦ ក្នុងភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សយ មានភេទប្រុស អាយុ៥០ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុខាងលើ ។ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម គ្មានស្លាកលេខ ចេញពីជើងទៅត្បូង ហើយគេឃើញរថយន្តហាយឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE 1151 ចេញពីត្បូងទៅជើងទិសដៅបញ្ច្រាសគ្នាល្បឿនលឿន លុះដល់កន្លែងកើតហេតុ អ្នកជិះម៉ូតូបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ខាងរថយន្តអកស័រជាន់ហ្វ្រាំងមិនទាន់ បុកពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង បន្ទាប់ពីបុកមនុស្សស្លាប់ តៃកុងរថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រគល់សាសពជនរងគ្រោះឲ្យប្រពន្ធកូនយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចចរាចរណ៍ស្រុកបារាយណ៍យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីស្រាវជ្រាវរកម្ចាស់រថយន្តមកដោះស្រាយទៅតាមច្បាប់៕ ប៊ុនរិទ្ធី