ខេត្តព្រះសីហនុ៖ ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបក្រុមជនប្រដាប់អាវុធ រយះពេល១១ម៉ោង ៣០នាទីទើបបានចប់ដោយជោគជ័យ ទាក់ទងអំពេីចាប់ជំរិតជនជាតិចិន១ករណី ដោយត្រូវកងកម្លាំងនគរបាលខេត្តព្រះសីហនុ បង្រ្កាបបានទាំងស្រុង។
ប្រតិបត្តិការនេះ បញ្ជាដឹកនាំផ្ទាល់ ដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និង លោក ស្នងការរង ព្រមទាំងមន្រ្តីជំនាញ និងមានការសហការដ៏ល្អជាមួយនាយកដ្ឋានសន្តិសុខផ្ទៃ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វេីឡេីងកាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្នុងបុរី ប៊ីអេស ក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ ក៏មានការចូលរួមសម្របសម្រួលផ្លូវច្បាប់ ពីស្ថាប័នព្រះរាជអាជ្ញាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ បានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានថា៖ អំពេីចាប់ជំរិតជនជាតិចិននេះ បានកើតឡើង នៅយប់ថ្ងៃទី៨ទី៩ ខែធ្នូ ឆ្នាំ២០១៧ ថ្មីៗ នេះ ស្ថិតនៅចំណុចក្រុមទី១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។
ដោយក្រុមជនសង្ស័យបានរៀបផែនការយ៉ាងល្អិតល្អន់ តាមដានឃ្លាំមើលជនរងគ្រោះ ធ្វេីដំណើរ ពេលជនរងគ្រោះបេីករថយន្ដម៉ាក PORSCHE ម្នាក់ឯង មកដល់កន្លែងស្ងាត់ ចំណុចជិតស្ថានីយចំរោះទឹក នៅអូរឈេីទាល់សង្កាត់លេខ៤ ក្រុមជនសង្ស័យមានគ្នាចំនួន ០៣នាក់ បានបេីករថយន្ដ Lexus ស្ទាក់គៀរ ពេលនោះជនរងគ្រោះបានឈប់រថយន្តដេីម្បីសួរនាំ ក៏ត្រូវ ពួកជនល្មើសយកកាំភ្លើងភ្ជង់ ចាប់ក្រៀកដាក់ឡានសង្កត់ក្បាល ចុះក្រោម ចងដៃដោយខ្សែរឹត (ខ្សែស៊ីល) ហេីយនាំខ្លួនយកមកបង្ខាំងទុកនៅផ្ទះជួល បុរីBS អូរទី១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ បន្ទាប់មកពួកវា បានទុកគ្នាវាម្នាក់ឲ្យយាមជនរងគ្រោះ រីឯគ្នាវា ០២នាក់ទៀត បានបេីកឡានរបស់ជនរងគ្រោះម៉ាក PORSCHE យកទៅផ្លុងចោលនៅ បេនឡានចាស់ ជិតកាំកុងត្រូល។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា៖ ប្រមាណជិត២ម៉ោង ក្រោយមក ក្រុមជនសង្ស័យបានទូរសព្ទជំរិត ទារប្រាក់ពីប្អូនជនរងគ្រោះចំនួន៨០ម៉ឺនដុល្លារ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ចំនួន៣នាក់៖
១.ឈ្មោះ ZHENG RONGMAO ភេទប្រុស ជនជាតិចិន អាយុ ២៦ឆ្នាំ ។
២.ឈ្មោះ DAI HONGDA ភេទប្រុស ជនជាតិចិន អាយុ ២៣ឆ្នាំ ។
៣.ឈ្មោះ LIN JINPEI ភេទប្រុស ជនជាតិចិន អាយុ ២៤ឆ្នាំ ។
ជាមួយនៃការចាប់ខ្លួន សមត្ថកិច្ចក៏បានរកឃើញ និងចាប់យកបាន វត្ថុតាងមួយចំនួនផងដែរ រួមមាន៖ កាំភ្លើងខ្លីម៉ាក BERETTA STOM ១ដេីម មានបង់២ មានគ្រាប់ចំនួន១០គ្រាប់, កូនកាំប៊ិតមួយ,ខ្សែចងរឹត(ស៊ីល)២ដុំ,ទូរស័ព្ទដៃ៦គ្រឿង និងរថយន្តលុចសីស RX300 ចំនួន១ គ្រឿង។ រំដោះជនរងគ្រោះបាន១នាក់ ឈ្មោះ LI FUJIE ភេទប្រុស អាយុ ៤៧ឆ្នាំ ។
ករណីនេះ សមត្ថកិច្ចកំពុងបន្តនីតិវិធី ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា៖ ពួកជនសង្ស័យទាំងនេះ មកពីប្រទេសចិនបានប្រេីប្រាស់លិខិតឆ្លងដែន ពីរផ្សេងៗគ្នា លិខិតពិតប្រាកដ សម្រាប់ការធ្វេីទិដ្ឋាការធ្វេីដំណើរ លិខិតក្លែងក្លាយ សម្រាប់ការជួលរថយន្ត និង ជួលផ្ទះ ដេីម្បីងាយផ្លាស់ប្តូរអត្តសញ្ញាណ ទីតាំងគេចខ្លួនក្រោយពេលបែកការណ៍។ ហេីយក្រុមនេះ មកប្រទេសកម្ពុជា ដេីម្បីតាមសម្គាល់មេីល អ្នកវិនិយោគចិន ដែលមានលុយច្រើន ដោយបានកត់លេខរថយន្តចំនួន៦គ្រឿង មានបំណងចាប់ជំរិត ប៉ុន្តែទេីបនឹងប្រព្រឹត្តបានមួយលេីក ក៏ត្រូវ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បង្រ្កាបបានទាំងស្រុង៕ សសម