ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តបាត់ដំបងបើកយុទ្ធនាការបង្រ្កាបក្មេងទំនើងឃាត់ខ្លួន៤៨នាក់ដែលមុខសញ្ញាជាប់ពាក់ព័ន្ធនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលក្រុមបង្ការបង្រ្កាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានបើកយុទ្ធនាការបង្រ្កាបក្មេងទំនើងដើរលេងអុកឡុក នៅពេលក្នុងក្រុងបាត់ដំបង បង្កឲ្យប៉ះពាល់សន្តិសុខសណ្តាប់សាធារណៈ ឃាត់ខ្លួនក្មេងទំនើង៤៨នាក់ ដែលជាមុខសញ្ញាជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន។

ការបង្រ្កាបក្មេងទំនើងនៅក្រុងបាត់ដំបង ក្រោយគេមើលឃើញថា សកម្មភាពក្មេងទំនើងបាននិងកំពុងធ្វើសកម្មភាពបង្កការអុកឡុកតាមផ្លូវសាធារណៈ និងតាមសួនច្បារនៅពេលយប់ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចមិនតែប៉ុណ្ណោះ ពួកគេក៏ធ្លាប់ធ្វើសកម្មភាពវាយកាប់ចាក់គ្នាបណ្តាលឲ្យមានអ្នករងរបួសផងដែរ។

ការបង្រ្កាបកម្លាំងនគរបាលបានធ្វើឡើងចាប់ផ្តើមពីយប់ម៉ោង១០ ថ្ងៃទី១៧ រហូតឈានដល់យប់ទៀបភ្លឺថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ក្នុងនោះដឹកនាំកម្លាំងអនុវត្តដោយលោឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងលោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាប ដែលមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងដែរ។

លោកអនុសេនីយ៍ឯក ឈឿង គឹមសុង ប្រធានក្រុមនគរបាលបង្ការបង្រ្កាបបានប្រាប់ឲ្យដឹងថា កម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាបក្មេងទំនើងខាងលើគឺដើម្បីពង្រឹងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យមានល្អប្រសើរឡើង ក្រោយពីក្មេងទំនើងបានបង្កឲ្យមានអំពើហិង្សាបណ្តាលឲ្យមានមនុស្សរងរបួសជាបន្តបន្ទាប់។

លោកប្រាប់ឲ្យដឹងទៀតថា ក្មេងទំនើង៤៨នាក់ដែលរងការឃាត់ខ្លួនចាប់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលបាត់ដំបង ដោយត្រួតពិនិត្យរកឃើញថាមានក្មេងទំនើង៥នាក់ បានរក្សាទុកថ្នាំម្សៅពណ៌ស សង្ស័យជាថ្នាំញៀន ក្មេងទំនើង៣០នាក់មុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំណែក១៣នាក់ផឹកស្រាស្រវឹងជិះម៉ូតូស្រែកឡូឡាបើកប្រដេញគ្នាតាមដងផ្លូវ។

ក្មេងទំនើងខាងលើមួយចំនួនមិនជាប់ពា័ន្ធនិងគ្រឿងញៀនត្រូវបានកម្លាំងនគរបាលចាត់វិធានការរដ្ឋបាល ចំណែកក្មេងទំនើងប្រើប្រាស់គ្រឿងញៀនត្រូវចាត់វិធានការតាមផ្លូវច្បាប់៕ សំ វិច្ឆិកា


ចែករំលែក៖