ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ដឹកនាំផ្ទាល់ដោយលោកមេប៉ុស្តិ៍ បានចុះល្បាតក្នុងតាមភូមិសាស្ត្រក្នុងមូលដ្ឋាន លុះមកដល់ផ្លូវទាល់ចុងភូមិទួលរកា១ ក៏ឃើញជនសង្ស័យដែលជាក្មេងស្ទាវមួយក្រុមមានគ្នា៦នាក់ នៅកន្លែងងងឹត កំពុងអង្គុយផឹកស្រាជុំគ្នាលើគ្រែ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ធ្វើការសួរនាំ និងត្រួតពិនិត្យ ក៏ឃើញដាវ១ដើម លាក់ទុកក្រោមគ្រែដែលអង្គុយផឹកស្រានោះ ។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវលំទាល់ ក្រុម២១ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ។
លោក វុធ ផូសារវន្ត័ មេប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម បានប្រាប់អោយដឹងថា បន្ទាប់ពីរកឃើញដាវសាម៉ូរៃនោះ លោកក៏បានសួររកមុខអ្នកដែលយកដាវនេះលាក់ទុក តែឆ្លើយថាមិនដឹងទាំងអស់គ្នា ដូច្នេះលោកក៏បានបញ្ជាអោយកម្លាំងឃាត់ខ្លួនជនសង្ស័យទាំង៦នាក់នោះ យកទៅប៉ុស្តិ៍ធ្វើការសាកសួរតែម្តង ។ ក្នុងនោះដកហូតបាន ដាវមួយដើម ប្រវែង៦តឹក និងម៉ូតូចំនួន១គ្រឿង ម៉ាក ស៊ុយសាគីនិច (Suzuki-News) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GH-7447។
បច្ចុប្បន្នជនសង្ស័យ៦នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់ ប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមច្បាប់៕ ភារ៉ា ដង្កោ