ព័ត៌មានទាន់ហេតុការណ៍៖

អធិការស្រុកបាទីថា សំណុំរឿងគ្រូវាយសិស្សរងរបួសធ្ងន់អាណាព្យាបាលសិស្សបានដកពាក្យបណ្តឹងហើយ

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពីមានការដង្ហើយរកយុត្តិធម៍ពីសំណាក់ឪពុកម្តាយកុមារីរងគ្រោះដែលត្រូវគ្រូវវាយរហូតដល់សម្លប់ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅទីក្រុងភ្នំពេញជាច្រើនថ្ងៃ នោះពេលនេះលោកអធិការស្រុកបាទី បានឲ្យដឹងថា ឪពុកម្តាយកុមារីរងគ្រោះបានដកពាក្យបណ្តឹងហើយ។

លោក ង៉ាន់ សារី អធិការស្រុកបាទី បានប្រាប់ឲ្យដឹងថា សំណុំរឿងនេះត្រូបានឪពុកម្តាយកុមារីរងគ្រោះដកពាក្យបណ្តឹងវិញហើយ ហើយពួកគាត់ចង់យកទៅដាក់នៅកន្លែងណាដាក់ទៅជារឿងរបស់គាត់។

ចំណែកលោក សន សំបូ ដែលត្រូវជាឪពុកកុមារីរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលគាត់ដកពាក្យបណ្តឹងពីអធិការដ្ឋាននគរបាលស្រុកបាទីព្រោះ សមត្ថកិច្ចគ្មានដំណោះស្រាយជូនពួកគាត់ទេ តែបែជាមានចរិតចង់ការពារលោកគ្រូដែលវាយកូនគាត់ទៅវិញ ដែលធ្វើអោយគាត់អស់សង្ឃឹម និងអស់ជំនឿលើសមត្ថកិច្ចទើបគាត់ដកពាក្យបណ្តឹងវិញ ហើយគាត់បានយកពាក្យបណ្តឹងទៅដាក់នៅសាលាស្រុកបាទី ដើម្បីស្នើសុំការដោះស្រាយជូនពួកគាត់ តែមកទល់ពេលនេះគឺមានរយះពេលជិត១ខែទៅហើយ នៅមិនទាន់ដោះស្រាយជូនពួកគាត់ទៀត ដែលធ្វើឲ្យពួកគាត់ដែលជាអាណាព្យាបាលកុមារីរងគ្រោះអស់ជំនឿលើអាជ្ញាធរ និងសមត្ថកិច្ចស្រុកបាទីទៀតហើយ។ លោកបានបន្តរទៀតថាមកទល់ពេលនេះកូនរបស់គាត់មិនទាន់អាចទៅរៀនដូចដើមបានទេ ព្រោះនៅមានសភាពធ្ងន់ធ្ងរនៅឡើយ។

គួរំលឹកផងដែរថា ករណីគ្រូវាយសិស្សរងរបួសធ្ងន់នេះកើតឡើងកាលពីកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ដោយកុមារីរងគ្រោះឈ្មោះ សន ស្រីណុច រៀនថ្នាក់ទី៨ F ចំណែកលោកគ្រូដែលវាយឈ្មោះ មួង ទូច បានយកបន្ទាត់ដែកវាយពីក្រោយខ្នងបណ្តាលអោយមានស្នាមជំ ហើយនៅពេលដែលកុមារីរងគ្រោះដើរទៅផ្ទះបានដួលសន្លប់ពាក់កណ្តាលផ្លូវ ហើយចំពោះមូលហេតុដែលឈានដល់ការវាយនេះគឺគ្រាន់កុមារីរងគ្រោះឆ្លើយសំនួរមិនរួច៕ ភ្នំដា


ចែករំលែក៖